
មជ្ឈិមបូព៌ា៖ កងទ័ពនៃប្រទេសយេម៉ែន បានរាយការណ៍ថា ក្រុមឧទ្ទាមហ៊ូធី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានបើកប្រតិបត្តិការវាយប្រហារដោយប្រើប្រាស់ដ្រូន និងមីស៊ីលលើទីក្រុងកំពង់ផែម៉ូកា (Mocha) ជាប់សមុទ្ទក្រហម។ ការវាយប្រហារនេះ ផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមូលដ្ឋានយោធា។ ទន្ទឹមនេះ ក្រុមប្រដាប់អាវុធ ដែលជាដៃជើងអ៊ីរ៉ង់នេះ ក៏បានវាយលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអូឌីត ថែមទៀតផង...។

កងទ័ពយេម៉ែនបានគូសបញ្ជាក់នៅក្នុងថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទទី១០ ខែសីហា ថា៖«យោធិនចំនួន៤រូប និងប្រជាពលរដ្ឋស៊ីវិល៣នាក់បានបាត់បង់ជីវិត ព្រមទាំងមនុស្ស៣០នាក់ផ្សេងទៀតបានរងរបួស»។ កងទ័ពប្រទេសនេះបានបន្ថែមថា ប្រព័ន្ធការពារអាកាសបានបាញ់ស្ទាក់ និងទម្លាក់ដ្រូនរបស់ក្រុមហ៊ូធីចំនួន១១គ្រឿង ដែលបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារនេះ។ ក្រុមហ៊ូធីបានអះអាងថា ប្រតិបត្តិការនេះមានគោលដៅលើការប្រមូលផ្តុំកងទ័ព និងឃ្លាំងអាវុធរបស់អារ៉ាប៊ីសាអូឌីត។

ក្រៅពីនេះ ក្រុមហ៊ូធីក៏បានអះអាងទទួលខុសត្រូវលើការប្រហារដោយដ្រូនទៅលើរោងចក្រចម្រាញ់ប្រេងអារាមកូ (Aramco) ស្ថិតក្នុងតំបន់ចាហ្សាន (Jazan) ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង តែត្រូវបានពន្លត់ទៅវិញ ដោយមិនមានមនុស្សរងរបួសឡើយ។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីក្រុមហ៊ូធីបានប្រកាសបិទផ្លូវនាវាចរណ៍ ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតនៅសមុទ្ទក្រហម។ វិបត្តិយោធានៅតំបន់មជ្ឈិមបូព៌ាកាន់តែស្មុគស្មាញ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់នឹងមិនបើកច្រកសមុទ្ទហ័រមូស្សវិញឡើយ លុះត្រាតែសហរដ្ឋអាម៉េរិកបញ្ឈប់សង្គ្រាមជាអចិន្ត្រៃយ៍ ដកកងទ័ព និងទណ្ឌកម្ម បញ្ចប់ការបិទផ្លូវទឹក ព្រមទាំងសងការខូចខាតទាំងអស់មកឱ្យអ៊ីរ៉ង់៕




