
មជ្ឈិមបូព៌ា៖ ស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ា ឈានដល់ចំណុចក្ដៅគគុក និងរាលដាលកាន់តែខ្លាំង ដោយក្រុមឧទ្ទាមហ៊ូធី ដែលមានអ៊ីរ៉ង់នៅពីក្រោយ បានកញ្ច្រោលវាយលុកយ៉ាងសាហាវតាមបណ្តោយឆ្នេរសមុទ្ទយេម៉ែន ដណ្តើមបានទីក្រុងកំពង់ផែយុទ្ធសាស្ត្រ ម៉ូឆា(Mocha) បានទាំងស្រុង និងបន្តទៅវាយលុកកោះសំខាន់ៗនៅសមុទ្ទក្រហម។ ការវាយប្រហារយ៉ាងសន្ធាប់នេះ កើតឡើងភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីសង្គ្រាមដ៏ជូរចត់ជាមួយអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាម៉េរិក...។

ប្រភពយោធាពីរដ្ឋាភិបាលយេម៉ែន បានទម្លាយទាំងក្ដីបារម្ភថា ក្រុមឧទ្ទាមហ៊ូធីបានឈរជើងយ៉ាងរឹងមាំលើការគ្រប់គ្រងច្រកសមុទ្ទ បាប អែលម៉ាន់ដេប (Bab el-Mandeb) ជាទ្វារសេដ្ឋកិច្ចពិភពលោកដ៏សំខាន់បំផុតមួយ។ ប្រសិនបើក្រុមប្រដាប់អាវុធនេះ អាចក្តោបក្តាប់ផ្លូវទឹកយុទ្ធសាស្ត្រនេះបានសម្រេច មហាអំណាចមជ្ឈិមបូព៌ាអ៊ីរ៉ង់ អាចប្រៀបបាននឹងខ្លាដុះស្លាប ខណៈភ្លើងសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក នឹងនៅតែបន្តឆាបឆេះ ហើយការកាត់ផ្តាច់សរសៃឈាមផ្លូវដឹកជញ្ជូនថាមពលពិភពលោកនឹងបណ្ដាលឱ្យតម្លៃប្រេងសកល ស្ទុះហក់ឡើងយ៉ាងគំហុគ។

ទោះបីជាមជ្ឈមណ្ឌលប្រតិបត្តិការមនុស្សធម៌របស់ក្រុមហ៊ូធីចេញមុខអះអាងថា ផ្លូវទឹកនេះមានសុវត្ថិភាពសម្រាប់នាវាទូទៅក៏ដោយ ប៉ុន្តែពួកគេបានដាក់ទិសដៅកម្ទេច និងបិទផ្លូវដាច់ខាត ចំពោះនាវារបស់អារ៉ាប៊ីសាអូឌីត។ មហាយក្សប្រេងអារ៉ាប៊ីសាអូឌីត កំពុងឈឺក្បាល ដោយសារត្រូវពឹងផ្អែកលើផ្លូវសមុទ្ទក្រហមនេះទាំងស្រុង បន្ទាប់ពីច្រកសមុទ្ទហ័រមូស្ស ត្រូវបានអ៊ីរ៉ង់វាយបិទខ្ទប់រួចទៅហើយ។ សង្គ្រាមដ៏រ៉ាំរ៉ៃ និងការកើនឡើងថ្លៃប្រេងយ៉ាងសន្ធឹកសន្ធាប់ បានរុញច្រានប្រជាប្រិយភាពរបស់លោក ត្រាំ ឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុត។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានផ្ដល់បទសម្ភាសទាំងចិត្តរឹង និងអះអាងថា លោកមិនដែលស្គាល់ពាក្យថា ស្ដាយក្រោយឡើយ ហើយប្រសិនបើឱ្យជ្រើសរើសឡើងវិញ លោកនៅតែសម្រេចចិត្តបើកសង្គ្រាមនេះដដែល ដោយជឿជាក់យ៉ាងមុតមាំថា សង្គ្រាមនឹងត្រូវបញ្ចប់ភ្លាមៗក្រោយការបោះឆ្នោត។

ទន្ទឹមនឹងនេះ ការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវនៅច្រកសមុទ្រហ័រមូស្ស បានធ្វើឱ្យផ្លូវនាវាចរណ៍របស់សហរដ្ឋអាម៉េរិក ត្រូវបរាជ័យទាំងស្រុង ដោយមាននាវាដឹកប្រេងតែ ៧គ្រឿងប៉ុណ្ណោះ ហ៊ានប្រថុយគ្រោះថ្នាក់ឆ្លងកាត់ ខណៈអ៊ីរ៉ង់បានប្រកាសក្តែងៗថា ពួកគេទើបតែបានបាញ់កម្ទេចនាវាចម្បាំងគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិកមួយគ្រឿងបន្ថែមទៀត នៅមាត់ច្រកសមុទ្ទ និងទីតាំងយន្តហោះចម្បាំងសហរដ្ឋអាម៉េរិកនៅហ្ស៊កដានី៕





