
ក្រុងតៃប៉ិ៖ យន្តហោះល្បាតប្រភេទ P-8A Poseidon របស់កងទ័ពជើងទឹកអាម៉េរិក បានហោះឆ្លងកាត់ដែនអាកាសអន្តរជាតិនៃច្រកសមុទ្ទតៃវ៉ាន់ កាលពីថ្ងៃសុក្រទី២១ ខែសីហា ដែលធ្វើឱ្យមហាយក្សចិន មិនសូវស្រណុកចិត្តប៉ុន្មានឡើយ។

កាសែតរដ្ឋ Global Times បានរាយការណ៍ថា កងទ័ពចិនបានតាមដាន និងឃ្លាំមើលយន្តហោះល្បាត និងស៊ើបការណ៍សម្ងាត់នេះយ៉ាងយកចិត្តទុកដាក់ពេញមួយដំណើរការហោះហើរ ហើយបានបញ្ជាក់ថា ៖«ស្ថានការណ៍ គឺស្ថិតក្រោមការគ្រប់គ្រង»។ ជាមួយគ្នា យោធាអាម៉េរិកបានអះអាងថា ៖«សហរដ្ឋអាម៉េរិក ការពារសិទ្ធិនាវាចរណ៍ និងសេរីភាពនៃប្រជាជាតិទាំងអស់ ហើយការហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់របស់យន្តហោះនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កងទ័ពសហរដ្ឋអាម៉េរិក នឹងហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត»។

នាវា ឬយន្តហោះយោធាអាម៉េរិក តែងតែធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដែលខណ្ឌចែករវាងកោះតៃវ៉ាន់ និងចិនដីគោក ដែលជាបេសកកម្មបង្កការខឹងសម្បារយ៉ាងខ្លាំងដល់រដ្ឋធានីប៉េកាំង។ សូមជម្រាបថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) គ្រោងទៅទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកនៅខែកញ្ញាឆាប់ៗនេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) ខណៈរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីប៉េកាំងកំពុងស្វែងរកការសម្រួលទំនាក់ទំនងឱ្យមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានភាពរកាំរកូសលើបញ្ហាជាច្រើន រួមមាន៖ បញ្ហាតៃវ៉ាន់ ជម្លោះពាណិជ្ជកម្ម និងការរឹតបន្តឹងបច្ចេកវិទ្យា ជាដើម៕



