
ទីក្រុងតៃប៉ិ៖ គណៈរដ្ឋមន្ត្រីតៃវ៉ាន់ គ្រោងនឹងស្នើបង្កើនកញ្ចប់ថវិកាការពារជាតិចំនួន១៦ភាគរយ សម្រាប់ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យថវិកាយោធារបស់ដែនកោះនេះ កើនឡើងលើសពី១ទ្រីលានដុល្លារតៃវ៉ាន់ ប្រមាណ៣១ពាន់លានដុល្លារអាម៉េរិក ជាលើកដំបូង។ នេះបើយោងតាមការរាយការណ៍របស់ភ្នាក់ងារព័ត៌មានផ្លូវការ Central News Agency នៅពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ការដំឡើងកញ្ចប់ថវិកាការពារជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ កើតឡើងក្នុងបរិបទដែលរដ្ឋធានីប៉េកាំង បានបង្កើនសម្ពាធយោធា និងនយោបាយយ៉ាងខ្លាំងលើកោះតៃវ៉ាន់ ស្របពេលសហរដ្ឋអាម៉េរិកជំរុញឱ្យរដ្ឋបាលទីក្រុងតៃប៉ិ បង្កើនការចំណាយលើការការពារខ្លួនឯងបន្ថែមទៀត។ កញ្ចប់ថវិកាដែលត្រូវបានស្នើឡើង និងមានទំហំសរុបជាង១,១ទ្រីលានដុល្លារតៃវ៉ាន់នេះ រួមបញ្ចូលទាំងការឧបត្ថម្ភធនដល់កងកម្លាំងការពារឆ្នេរ សុខុមាលភាពយុទ្ធជនចាស់ៗ និងគម្រោងយោធាពិសេសៗ ដោយការចំណាយនេះនឹងមានទំហំលើសពី៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់តៃវ៉ាន់។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានគូសបញ្ជាក់ថា ការរៀបចំខ្លួនយ៉ាងរឹងមាំនៅក្នុងគ្រាសន្តិភាព គឺជាការបន្ថែមនូវភាពស្ងប់ស្ងាត់ និងកម្លាំងការពារជាតិសម្រាប់ប្រទេស។ ការពង្រឹងសមត្ថភាពយោធានេះ រួមមានទាំងការផលិតនាវាមុជទឹកដោយខ្លួនឯង និងការទិញអាវុធទំនើបៗ ខណៈភាគីចិនក៏បានដំឡើងថវិកាយោធារបស់ខ្លួនចំនួន៧ភាគរយរួចហើយ កាលពីដើមឆ្នាំ២០២៦៕



