
ក្រុងតៃប៉ិ៖ កូនកោះតៃវ៉ាន់ បានចាប់ផ្តើមបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំ «Han Kuang» រយៈពេល១០ថ្ងៃ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងត្រៀមលក្ខណៈ និងបង្កើនសមត្ថភាពកងទ័ព ព្រមទាំងប្រជាជនទូទាំងកោះ សម្រាប់ទប់ទល់នឹងការឈ្លានពានណាមួយ ដែលអាចកើតមានពីសំណាក់ប្រទេសចិន...។

យោងតាមមន្ត្រីការពារជាតិតៃវ៉ាន់ សមយុទ្ធនេះមានរយៈពេលចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែសីហា និងមានកងទ័ពចូលរួមជាង២ម៉ឺននាក់ (រួមទាំងកងទ័ពបម្រុង៥ពាន់នាក់)។ លំហាត់សឹកនេះ នឹងហ្វឹកហាត់ដូចទៅនឹងក្នុងស្ថានការណ៍ប្រយុទ្ធជាក់ស្តែង ដើម្បីឱ្យកងទ័ព និងកម្លាំងបម្រុង អនុវត្តការឆ្លើយតបទៅនឹងការវាយប្រហារ។ នៅក្នុងនោះ រួមមាន ការបែកចែកកងយន្តហោះចម្បាំង ការដាក់ពង្រាយកងទ័ពជើងទឹកជាបន្ទាន់ និងការផ្លាស់ប្ដូរឃ្លាំងអាវុធធំៗក្នុងពេលសង្គ្រាម។ ប្រជាពលរដ្ឋស៊ីវិល ក៏ត្រូវចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ រួមទាំងការអនុវត្តតាមស៊ីរ៉ែនអាសន្នផ្លូវអាកាស និងការកាត់បន្ថយល្បឿនអ៊ីនធឺណិតចល័តជាបណ្តោះអាសន្នរយៈពេល៣០នាទី ដើម្បីឱ្យប្រជាជនទម្លាប់នឹងស្ថានភាពរំខានដល់ប្រព័ន្ធទំនាក់ទំនងពេលមានសង្គ្រាម។

នៅក្នុងវេទិកាសន្តិសុខមួយមុនពេលចាប់ផ្តើមសមយុទ្ធ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈឹងតេ (Lai Ching-te) បានថ្លែងថា៖«ខណៈដែលអំណាចផ្ដាច់ការរបស់បក្សកុម្មុយនីស្ដចិន បន្តពង្រីកខ្លួន យើងនឹងបន្តដំឡើងកម្រិតការពារជាតិ និងកសាង ភាពធន់នៃសង្គមទាំងមូល»។ លោកបានប្តេជ្ញាបង្កើនថវិកាការពារជាតិឱ្យដល់៥ភាគរយនៃGDP នៅត្រឹមឆ្នាំ២០៣០។ ចំណុច សំខាន់នៃសមយុទ្ធ Han Kuang ឆ្នាំ២០២៦នេះ គឺការបែងចែកអំណាចបញ្ជាការដ្ឋាន ដើម្បីអនុញ្ញាតឱ្យមេបញ្ជាការនៅសមរភូមិមុខ អាចធ្វើការសម្រេចចិត្តប្រយុទ្ធភ្លាមៗ ដោយមិនបាច់រង់ចាំបទបញ្ជាថ្នាក់លើ ខណៈកងកម្លាំងបម្រុងជាច្រើនរូប ត្រូវបានដាក់ពង្រាយនៅតាមឆ្នេរ ដើម្បីហាត់បាញ់ប្រហារសត្រូវដែលព្យាយាមឡើងគោក។

ការធ្វើសមយុទ្ធឱ្យកាន់តែមានភាពប្រាកដប្រជា និងឆ្លើយតបនឹងស្ថានការណ៍ជាក់ស្តែងបែបនេះ ធ្វើឡើងដោយសារការព្រួយបារម្ភកាន់តែខ្លាំងថា ប្រទេសចិនអាចនឹងព្យាយាមកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់តៃរ៉ាវ៉ាន់ ពីបណ្តាសម្ព័ន្ធមិត្តនៅក្នុងមហាសមុទ្ទប៉ា ស៊ីហ្វិច ប្រសិនបើមានការវាយប្រហារកើតឡើងមែននោះ៕




