
ក្រុងតៃប៉ិ៖ នៅថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ទីស្តីការគណៈរដ្ឋមន្ត្រីតៃវ៉ាន់ បានស្នើសុំកញ្ចប់ថវិកាយោធាយ៉ាងសន្ធឹកសន្ធាប់បន្ថែមចំនួន៤,៥៩ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦នេះ ដើម្បីសម្រុកទិញ និងផលិតប្រព័ន្ធដ្រូនប្រយុទ្ធ ព្រមទាំងមីស៊ីលការពារដែនអាកាស ខណៈការគំរាមកំហែងពីសំណាក់កងទ័ពចិនកាន់តែស្រួចស្រាវ។

តៃវ៉ាន់ បានដាក់ចេញនូវយុទ្ធសាស្ត្រធ្វើទំនើបកម្មយោធា និងការបង្កើនថវិកាការពារជាតិជាអាទិភាពកំពូល ដើម្បីទប់ទល់នឹងសម្ពាធយោធាដ៏សម្បើមពីសំណាក់រដ្ឋធានីប៉េកាំង ដែលតែងតែប្រកាសថា កោះប្រជាធិបតេយ្យមួយនេះជាដែនអធិបតេយ្យរបស់ខ្លួន។ ទីស្តីការគណៈរដ្ឋមន្ត្រីតៃវ៉ាន់ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា៖«សន្តិសុខជាតិ មិនអាចរង់ចាំបានទេ ថវិកាយោធាមិនអាចពន្យារពេលបានឡើយ ហើយការស្ដារសមត្ថភាពស្វ័យការពារជាតិក៏រឹតតែមិនអាចបង្អង់បានដែរ»។

ថវិកាយោធាបន្ថែមដ៏ច្រើននេះ នឹងត្រូវផ្តោតទៅលើការសាងសង់ និងទិញអាវុធសំខាន់ៗ រួមមាន៖ ប្រព័ន្ធមីស៊ីលប្រឆាំងបាលីស្ទីក «Strong Bow» ដែលជាបច្ចេកវិទ្យាបង្កើតឡើង ស្រាវជ្រាវ និងផលិតក្នុងស្រុកផ្ទាល់, ដ្រូនប្រយុទ្ធ និងស៊ើបការណ៍តាមឆ្នេរសមុទ្ទជាង៦០០គ្រឿង, ដ្រូនវាយប្រហារជាង៤ម៉ឺនគ្រឿង, ព្រមទាំងទូកអត្តឃាតគ្មានមនុស្សបើកជាង១០០គ្រឿងក្នុងដំណាក់កាលដំបូង។

ការសម្រេចចិត្តបង្កើនកញ្ចប់ថវិកាយោធាយ៉ាងគំហុកនេះ កើតឡើងបន្ទាប់ពីសភាតៃវ៉ាន់បានអនុម័តផែនការថវិកាយោធារយៈពេល៦ឆ្នាំ ទំហំ២៤០ពាន់លានដុល្លារ សម្រាប់ផលិត និងអភិវឌ្ឍន៍ប្រព័ន្ធដ្រូនសង្គ្រាម។ លើសពីនេះ តៃវ៉ាន់ក៏បានព្រាងកញ្ចប់ថវិកាយោធាសរុបសម្រាប់ឆ្នាំក្រោយឱ្យកើនឡើងដល់ ១ពាន់ពាន់លានដុល្លារតៃវ៉ាន់ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ៕




