
រាជធានីភ្នំពេញ៖ ជំនន់ទឹកភ្លៀងបានវាយប្រហារកំណាត់ផ្លូវកៅស៊ូចំនួន៣ខ្សែនៅស្រុកសង្កែ និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ ដើម្បីវាយតម្លៃការខូចខាត និងរៀបចំវិធានការស្តារឡើងវិញ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦..។

តាមក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវទាំង៣ខ្សែ ដែលរងផលប៉ះពាល់នោះ រួមមាន៖ ទី១. កំណាត់ផ្លូវ បោះពោធិ៍-សំរោងកោង-ទួលល្វៀង មានប្រវែង ៩,៦គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)។ ផ្លូវនេះ ត្រូវបានទឹកជន់លិចប្រវែងប្រមាណ ៨គីឡូម៉ែត្រ បណ្ដាលឱ្យមានការហូរច្រោះ និងបាក់តាមជើងទេរ ហើយទឹកក៏បានហូរកាត់តួផ្លូវ ដែលធ្វើឱ្យការធ្វើចរាចរណ៍យានយន្តត្រូវផ្អាកជាបណ្តោះអាសន្ន។

ទី២. ផ្លូវដំបូកខ្ពស់-វត្តកណ្ដាល មានប្រវែងសរុប១៤,៦គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ។ ផ្លូវនេះ រងការជន់លិចប្រវែងប្រមាណ៣គីឡូម៉ែត្រ ដោយមានការហូរច្រោះ និងបាក់តាមជើងទេរជាច្រើនកន្លែង ព្រមទាំងមានទឹកហូរកាត់តួផ្លូវមួយកន្លែង។ ទី៣. ផ្លូវរ៉ា-ស្ពាន មានប្រវែងជាង១៤គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ។ ផ្លូវនេះ រងការជន់លិចប្រវែងប្រមាណ ៦គីឡូម៉ែត្រ មានការហូរច្រោះ និងបាក់តាមជើងទេរតាមកន្លែងចំនួន ព្រមទាំងមានទឹកហូរកាត់តួផ្លូវចំនួន២កន្លែង មានប្រវែងសរុបប្រមាណ៧ម៉ែត្រ ដែលបណ្ដាលឱ្យផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។ ក្រសួងបញ្ជាក់ថា ក្នុងចំណោមផ្លូវទាំង៣ខ្សែង មាន២ខ្សែ គឺ ផ្លូវដំបូកខ្ពស់-វត្តកណ្ដាល និងផ្លូវរ៉ា-ស្ពាន ទើបបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៥។

ក្រោយការចុះពិនិត្យ លោក ឆាយ ឫទ្ធិសែន ណែនាំឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបន្ទាន់ តាមរយៈការរៀបចំផ្លូវវាង ឬស្ពានឈើបណ្តោះអាសន្ននៅតំបន់ដែលរងការខូចខាត។ បន្ថែមលើនេះ មន្ត្រីជំនាញ ត្រូវប្រមូលទិន្នន័យ និងវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់ ព្រមទាំងពិនិត្យលទ្ធភាពបច្ចេកទេស ដើម្បីជួសជុល និងស្តារផ្លូវដែលរងការខូចខាតឡើងវិញ បន្ទាប់ពីទឹកស្រក ដោយផ្តោតលើការកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕






