
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីប្រោះព្រំភ្ជាប់ព្រះសិរៈ និងបើកព្រះនេត្រចម្លាក់ទេពចំនួន២អង្គ នៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ ក្រោមយុទ្ធនាការ«ព្រលឹងត្រឡប់មកទីតាំងដើមវិញ»..។

មានប្រសាសន៍ក្នុងពិធីនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា ពិធីភ្ជាប់ព្រះសិរៈ និងបើកព្រះនេត្រចម្លាក់ទេពទាំង២អង្គ មានអត្ថន័យសំខាន់សម្រាប់មហានគរខ្មែរ និងជានិមិត្តរូបនៃការនាំយក«ព្រលឹង» របស់ដូនតាខ្មែរត្រឡប់មកកាន់ទីតាំងដើមវិញ។ ខ្លោងទ្វារជ័យក៏ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលព្រះមហាក្សត្រខ្មែរធ្លាប់ប្រារព្ធពិធីសំខាន់ៗនៅទីនេះ។ នៅអមខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ មានចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រសរុបចំនួន១០៨អង្គ។ ដោយសារសង្គ្រាម និងការបំផ្លិចបំផ្លាញក្នុងរយៈពេលជាច្រើនជំនាន់ ព្រះសិរៈចម្លាក់ដែលធ្វើពីថ្មភក់ជាច្រើនបានបាត់បង់ និងបែកខ្ញែកទៅកាន់ទីតាំងផ្សេងៗ ទាំងក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ ដោយមានកិច្ចសហការពីប្រទេសជាមិត្ត និងអង្គការអន្តរជាតិ បានខិតខំស្រាវជ្រាវ ស្វែងរក និងនាំយកព្រះសិរចម្លាក់ទេវៈ និងអសុរៈត្រឡប់មកកម្ពុជាវិញ ដើម្បីរក្សាទុក និងតម្កល់នៅទីតាំងដើម។ បច្ចុប្បន្ន ព្រះសិរៈដែលបាត់បង់ត្រូវបានរកឃើញស្ទើរគ្រប់ចំនួន ដោយនៅសល់ប្រមាណ ៣ព្រះសិរៈទៀត ដែលកំពុងតម្កល់នៅសារមន្ទីរនៅក្រៅប្រទេស ហើយភាគីកម្ពុជាកំពុងបន្តការស្វែងរក និងចរចានាំត្រឡប់មកវិញ។

លោក ហ្វ្លាវីអូ បូណេទី (Flavio Bonetti) តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានសម្ដែងការគាំទ្រចំពោះការរៀបចំពិធីនេះ ដោយចាត់ទុកថា ជាសក្ខីភាពនៃការគោរព និងការថែរក្សាវប្បធម៌ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ UNESCO បានបន្តគាំទ្រកម្ពុជាតាមរយៈគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចាប់តាំងពីឆ្នាំ១៩៩៣ និងបានចូលរួមក្នុងការងារអភិរក្ស និងថែរក្សាអង្គរជាមួយអាជ្ញាធរជាតិអប្សរាអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

ចំណែកលោកស្រី ខាធឺរីន ដៀប (Katherine Diop) ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានចូលរួមជាដៃគូក្នុងការសម្របសម្រួល និងគាំទ្រកិច្ចខិតខំប្រឹងប្រែងនាំវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ វត្ថុបុរាណសិល្បៈប្រមាណ៩០០មុខ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ក្រសួងវប្បធម៌ចាត់ទុក យុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌវប្បធម៌ ដោយនាំយករូបចម្លាក់ដែលបាត់បង់ ឬត្រូវបានផ្លាស់ទី ត្រឡប់មកតម្កល់នៅទីតាំងដើមវិញ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណជាតិ សម្រាប់មនុស្សជំនាន់ក្រោយ៕





