
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ មន្រ្តីកម្ពុជា បានជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ២៧ ស្ថិតក្នុងភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា ការចុះសង្កេតការណ៍នេះ មានគោលបំណងផ្ដល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងស៊ីជម្រៅ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅបង្គោលព្រំដែនដែលបានឯកភាពគ្នារវាងភាគីកម្ពុជា និងភាគីថៃ។ បន្ថែមពីលើនេះ ក៏ដើម្បីបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

ក្រសួងបន្តរំឭកជាថ្មីថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ អនុស្សរណៈ (MOU) ឆ្នាំ២០០០ និងឯកសារពាក់ព័ន្ធនានា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីរវាងប្រទេសទាំងពីរ៕






