
ខេត្តកំពង់ឆ្នាំង៖ នៅទីបំផុត សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនឪពុកចុងជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីប្រើហិង្សា និងធ្វើបាបយ៉ាងធ្ងន់ធ្ធរទៅលើកុមារអាយុ១១ឆ្នាំ ដែលត្រូវជាកូនចុង...។

សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ចៅក្រមស៊ើបសួរ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ យន សាន ហៅញ៉ ដែលពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ស្ថិតនៅភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សូមជម្រាបថា នៅថ្ងៃកើតហេតុ ជនល្មើសឈ្មោះ យន សាន បានប្រើក្មេងប្រុសជាកូនចុង ឱ្យយកគោទៅឃ្វាលនៅវាលស្រែក្បែរផ្ទះ។

បន្ទាប់មក ក្មេងប្រុសជាជនរងគ្រោះ ក៏បានយកគោទៅចង រួចដើរកាប់ដីរកសត្វជន្លេនលក់ ទើបឪពុកចុងខឹង ហើយក៏បានវាយក្បាលជាច្រើនដៃ បណ្ដាលឱ្យក្មេងប្រុសនោះដួលលើដី។ មិនត្រឹមតែប៉ុណ្ណោះ ឪពុកចុងរូបនេះ ក៏បានយកជើងជាន់កក្មេងរងគ្រោះបន្ថែមទៀត។ បច្ចុប្បន្ន ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ យោងតាមមាត្រា២១៩នៃក្រមព្រហ្មទណ្ឌ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ ១០លានរៀល បើអំពើហិង្សានេះ ត្រូវបានប្រព្រឹត្តទៅលើបុគ្គលដែលទន់ខ្សោយ និងនារីមានគភ៌៕



