
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្ដែងការអបអរសាទរចំពោះប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចខេត្តរតនគិរី ដែលបានចុះបង្ក្រាបករណីលួចដឹកជញ្ជូនឈើគ្រឿងផ្ទះមួយចំនួនធំ។ ជាមួយគ្នានេះ ពលរដ្ឋក៏បានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យពន្លឿនការស្រាវជ្រាវវែកមុខមេខ្លោងកាប់បំផ្លាញព្រៃឈើ និងក្រុមឈ្មួញកែច្នៃ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន មិនត្រូវបណ្ដោយឱ្យរួចខ្លួនឡើយ…។

ប្រតិបត្តិការស្ទាក់បង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើងកាលពីវេលាយប់អធ្រាត្រ ថ្ងៃទី៣០ ខែកញ្ញា ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ក្រោមការចង្អុលបង្ហាញពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដោយមានកម្លាំងនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ជាអ្នកទទួលភារកិច្ចចុះបង្ក្រាបផ្ទាល់។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា វត្ថុតាងដែលដកហូតបាន គឺជាប្រភេទឈើគ្រឿងផ្ទះអារជ្រៀករួចយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្រុមឈ្មួញបានលួចកាប់ និងដឹកចេញពីតំបន់ព្រៃការពារបរិស្ថាន។ ជាការគត់សម្គាល់ ដោយសារស្ថានភាពផ្លូវលំ ទើបនឹងស្ថាបនាថ្មី មានការដាច់ខូចខាតជាអន្លើៗ មិនអាចឱ្យគោយន្តដឹកឈើបើកឆ្លងកាត់បាន ទើបក្រុមឈ្មួញរើទម្លាក់ឈើចុះ ដើម្បីផ្ទេរដាក់គោយន្តមួយទៀតដឹកបន្ត។ ប៉ុន្តែសកម្មភាពនេះ បានធ្លាយការណ៍ដល់កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលកំពុងល្បាត រហូតឈានដល់ការចុះបង្ក្រាបបានភ្លាមៗតែម្ដង ខណៈអ្នកបើកបរគោយន្ត និងក្រុមឈ្មួញបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។

លុះមកដល់ព្រឹកថ្ងៃទី១ ខែតុលា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី បានប្រគល់វត្ថុតាងឈើ និងគោយន្តទាំងអស់ទៅមន្រ្តីផ្នែកល្បាត ដើម្បីរក្សាទុកជាបណ្តោះអាសន្ន និងបន្តនីតិវិធីស្រាវជ្រាវស្វែងរកមុខសញ្ញាជនល្មើស ក៏ដូចជាមេខ្លោងនៅពីក្រោយខ្នងដែលតែងតែលួចធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ក្នុងតំបន់នេះ យកមកចាត់ការតាមផ្លូវច្បាប់៕




