
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលគណៈប្រតិភូអ៊ីរ៉ង់ បានទៅចូលរួមមហាសន្និបាតលើកទី៨១របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនោះ រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីដើមសប្ដាហ៍នេះ បានបញ្ជាឲ្យពួកគេ ចាកចេញពីប្រទេសរបស់ខ្លួនជាបន្ទាន់ ដោយរាប់បញ្ចូលទាំងប្រមុខការទូតអ៊ីរ៉ង់ផងដែរ។

សារព័ត៌មានអាម៉េរិក Axios បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលាថា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) កាលពីដើមសប្ដាហ៍នេះ បានទាមទារឱ្យគណៈប្រតិភូអ៊ីរ៉ង់ ដែលបានទៅចូលរួម នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ផងដែរ ត្រូវតែចាកចេញពីសហរដ្ឋអាម៉េរិកជាបន្ទាន់ បន្ទាប់ពីការចរចា រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានបន្ដជាប់គាំង។ សេចក្តីរាយការណ៍នោះ បានដកស្រង់សម្តីរបស់មន្ត្រីអាម៉េរិកម្នាក់ និងប្រភពមួយផ្សេងៗទៀត ដែលដឹង អំពីបញ្ហានេះ ជាមួយនឹងការបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃចន្ទ។

សារព័ត៌មានអាម៉េរិក Axios បានរាយការណ៍បន្ថែមថា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាគឈី (Abbas Araghchi) ក៏ស្ថិតក្នុងចំណោមបុគ្គល ដែលបានត្រូវបញ្ជាឱ្យចាកចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ផងដែរ។ រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក រូប៊ីអូ បានបណ្តេញគណៈប្រតិភូអ៊ីរ៉ង់ ដែលស្នាក់នៅហួសពេលកំណត់ ចេញពីសហរដ្ឋអាម៉េរិក ជាមួយនឹងការលើកឡើងថា មហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ចប់ទៅហើយ ដូច្នេះវាជាពេលវេលាដែលពួកគេ ត្រូវតែចាកចេញ។
ស្ថិតក្នុងស្ថានភាពដ៏តានតឹងបែបនេះ ក្រុមប្រទេសធ្វើជាអ្នកសម្របសម្រួល កំពុងតែព្យាយាមបំបែកភាពទាល់ច្រកផ្នែកការទូត រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។ ប៉ុន្ដែលទ្ធផល មានការវិវឌ្ឍទៅមុខតិចតួចណាស់។ សេចក្ដីរាយការណ៍នោះ បានកត់សម្គាល់ថា ទោះបីជាគណៈប្រតិភូអ៊ីរ៉ង់ ទំនងជានឹងចាកចេញក្នុងពេលឆាប់ៗយ៉ាងណាក៏ដោយ ប៉ុន្តែចំណាត់ការរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិក គឺជាការស្តីបន្ទោសផ្នែកការទូត មិនធម្មតាមួយ ហើយវាឆ្លុះបញ្ចាំងពីភាពតានតឹងយ៉ាងខ្លាំង រវាងប្រទេសទាំងពីរ។

គណៈប្រតិភូអ៊ីរ៉ង់ រួមទាំងលោក Araghchi ផងដែរ បានចេញដំណើរទៅកាន់ព្រលានយន្តហោះ នៅប៉ុន្មានម៉ោងបន្ទាប់ ហើយបានឡើងជើងហោះហើរ ចេញពីទីក្រុងញូវយ៉ក ឆ្ពោះទៅកាន់ទីក្រុងដូហា (Doha) ប្រទេសកាតារ នៅវេលាម៉ោង១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ។ ទន្ទឹមគ្នានេះដែរ អ្នកសម្របសម្រួល មកពីប្រទេសកាតារ កំពុងតែបន្តពិភាក្សាជាមួយភាគីទាំងពីរ អំពីសំណើសម្របសម្រួលរបស់ពួកគេ។ ហេតុការណ៍នេះ បានកើតឡើង ស្របពេលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញាថា៖ «ប្រហែលជាខ្ញុំនឹងកម្ទេចពួកគេចោល» នៅពេលសួរថា តើលោកអាចឈានដល់កិច្ចព្រមព្រៀង ជាមួយរបបមួយដែលលោកចាត់ទុកថា ជា «របបឆ្កួត»នោះ ដោយរបៀបណា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា៖ «ប្រហែលជាខ្ញុំនឹងកម្ទេចពួកគេចោល។ យើងត្រូវតែសម្រេចចិត្តលើរឿងនេះ។ យើងនឹងកម្ទេចពួកគេ ឬក៏ឈានដល់កិច្ចព្រមព្រៀងមួយ។ ប៉ុន្តែពេលវេលា ជិតអស់ហើយ។ រឿងនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ មិនថា ដោយយុទ្ធសាស្រ្ដណាមួយនោះឡើយ»៕


