តុលាការទីក្រុងតេហេរ៉ង់ បង្គាប់ឲ្យអាម៉េរិក សងសំណងជិត៥០ពាន់លានដុល្លារ ចំពោះការសម្លា.ម់មេទ័ពកំពូលអ៊ីរ៉ង់
S
Sinuon Nop
•
15 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីឡើងកាន់តំណែង នៅអាណត្ដិទី១បានបញ្ជាឲ្យកងទ័ពពិសេសរបស់ខ្លួន វាយប្រហារសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ ហើយឥឡូវនេះ តុលាការរបស់ប្រទេសនេះ បានចេញដីកាបង្គ្រាប់ឲ្យសហរដ្ឋអាម៉េរិក សងសំណង ជិត៥០ពាន់លានដុល្លារអាម៉េរិក ប៉ុន្ដែការទាមទារសំណងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏ហាក់បីដូចជាកំពុងតែធ្វើឲ្យពិភពលោក អស់សំណើចទៅវិញ ខណៈរបបគ្រប់គ្រងនៅទីក្រុងតេហេរ៉ង់ កំពុងតែប្រឈមមុខនឹងសង្គ្រាម។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

សារព័ត៌មាន Iran International បានផ្សាយ កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញាថា អ្នកនាំពាក្យ តុលាការអ៊ីរ៉ង់ បានបញ្ជាក់ ថា តុលាការអ៊ីរ៉ង់ បានចេញដីកាបង្គាប់ឲ្យសហរដ្ឋអាម៉េរិក សងសំណង ចំនួន៤៨ពាន់លានដុល្លារអាម៉េរិក ចំពោះការធ្វើឃាតលោកឧត្ដមសេនីយ៍ ហ្កាសេម សូឡេម៉ានី (Qasem Soleimani) មេទ័ពកំពូលដ៏មានអំណាចបំផុតរបស់អឺរ៉ង់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅក្នុងប្រទេសអ៊ីរ៉ាក់។ ការសម្រេចរបស់តុលាការអ៊ីរ៉ង់ បានចូលជាធរមានភ្លាមៗ។

មេទ័ពកំពូលអ៊ីរ៉ង លោក ហ្កាសេម សូឡេម៉ានី និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី
មេទ័ពកំពូលអ៊ីរ៉ង លោក ហ្កាសេម សូឡេម៉ានី និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី

លោក អាលី ខាហ្សេមី (Ali Kazemi) អ្នកនាំពាក្យ តុលាការអ៊ីរ៉ង់ បានបញ្ជាក់ថា មនុស្សចំនួន៧៣នាក់ កំពុងតែស្វែងរក ពាក់ព័ន្ធនឹងករណីវាយប្រហារនេះ។ លោកឧត្ដមសេនីយ៍ សូឡេម៉ានី មេបញ្ជាការកងកម្លាំងជីវពលឃូដស៍ (Quds) នៃកងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានត្រូវសម្លាប់ នៅក្នុងការវាយប្រហារ ដោយយន្ដហោះគ្មានមនុស្សបើករបស់កងទ័ពសហរដ្ឋអាម៉េរិក នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ករណីនេះកំពុងតែបន្តយ៉ាងយកចិត្តទុកដាក់ ទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដើម្បីឈានដល់ការសម្រេចជាចុងក្រោយ»។

សូមរម្លឹកឡើងវិញថា កាលពីអាណត្ដិទី១ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាដល់កងទ័ពពិសេសរបស់ខ្លួន ឲ្យប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬដ្រូន វាយប្រហារសម្លាប់មេទ័ពកំពូលដ៏មានអំណាចដ៏ខ្លាំងក្លាបំផុតរបស់អ៊ីរ៉ង់ និងមេបញ្ជាការកងជីវពលផ្សេងៗទៀត កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតព្រលានយន្ដហោះទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ក្រោយពេលមេទ័ពរូបនេះ តែងតែគំរាមកម្ទេចអាម៉េរិកជាញឹកញាប់រួចមក។ លុះពេលចូលមកកាន់អំណាច នៅក្នុងអាណត្ដិទី២នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបញ្ជាក់ឲ្យបើកប្រតិបត្ដិការឆ្មក់ ចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និងប្រពន្ធរបស់គាត់ អូសកចេញពីភូមិគ្រឹះរបស់ពួកគេ ស្ថិតក្នុងរដ្ឋធានីការ៉ាកាស (Caracas) ប្រទេសវេណេហ្ស៊ុយអេឡា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។

កងកម្លាំងពិសេសសហរដ្ឋអាម៉េរិក ចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា
កងកម្លាំងពិសេសសហរដ្ឋអាម៉េរិក ចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា

ការឆ្មក់វាយប្រហារចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានកើតឡើង បន្ទាប់ពីលោក ម៉ាឌូរ៉ូ តែងតែនិយាយឌឺដង ដាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា៖«អាម៉េរិក កម្សាកខ្លាំងណាស់ យើងរង់ចាំអ្នកមកចាំយើង តែអ្នកមិនហ៊ានមកចាប់ទេ»។ ក្រោយការនាំខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា ទៅកាន់ទោស នៅទីក្រុងញូវយ៉ក រួចមក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើសង្គ្រាមវាយប្រហារសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) និងសមាជិកគ្រួសាររបស់គាត់ និងឥស្សរជនអ៊ីរ៉ង់ជាច្រើននាក់ផ្សេងទៀត កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កឲ្យភាពវិកវរផ្នែកសេដ្ឋកិច្ច និងវិបត្ដិប្រេងសកល រហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត