
រាជធានីបាងកក៖ ក្រពើយក្យមួយក្បាល ប្រវែងជាង២ម៉ែត្រ ត្រូវគេប្រទះឃើញ បង្ហាញខ្លួន នៅតាមផ្លូវបណ្តោយប្រឡាយទឹកមួយខ្សែ ស្ថិតក្នុងភូមិបានផានៀង (Bang Phaniang) ឃុំឃូ យ៉ៃ មី (Khu Yai Mi) ស្រុកសាណាមឆៃខេត (Sanam Chai Khet) ខេត្តឆាឆឿងសៅ (Chachoengsao) ដែលជំរុញឲ្យអាជ្ញាធរថៃ ចេញសេចក្តីជូនដំណឹង ព្រមានជាបន្ទាន់ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់។

លោក ឧដុន ថេបវ៉ាធី (Udon Thepwathee) អតីតប្រធានក្រុមប្រឹក្សា រដ្ឋបាលខេត្ត Chachoengsao បានបង្ហោះសារព្រមាន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា បានឃើញក្រពើធំមួយក្បាល នៅតាមចិញ្ចើមផ្លូវ ក្បែរប្រឡាយទឹក។

អ្នករាយការណ៍ព័ត៌មានថៃម្នាក់ បានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញក្រពើដ៏ធំមួយក្បាលនេះ ស្ថិតក្នុងភូមិបាងផានៀង (Bang Phaniang) ឬភូមិទី២ ឃុំឃូ យ៉ៃ មី (Khu Yai Mi) ស្រុក Sanam Chai Khet។ តំបន់នោះ ត្រូវបានទឹកជំនន់ជន់លិច ហើយទឹកបានហូរទៅកាន់ផ្លូវទឹក នៅក្នុងតំបន់។
ស្របគ្នានេះដែរ អាជ្ញាធរថៃ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រពើយក្សមួយក្បាល បានត្រូវគេប្រទះឃើញ ស្ថិតក្នុងស្រុកសាណាមឆៃខេត (Sanam Chai Khet) ខេត្តឆាឆឿងសៅ (Chachoengsao)។ ការប្រទះឃើញសត្វក្រពើដ៏ធំមួយក្បាលនេះ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់អ្នកស្រុក ជាមួយនឹងការភ័យខ្លាចថា សត្វក្រពើដ៏កាចសាហាវ អាចនឹងផ្លាស់ទី មកកាន់តែជិតផ្ទះសម្បែង និងតំបន់ដែលមានមនុស្សរស់នៅច្រើន។

ទន្ទឹមគ្នានេះដែរ ក្រុមអាជ្ញាធរថៃ និង ក្រុមប្រតិបត្ដិការ បានចុះទៅកាន់តំបន់នោះ ដើម្បីតាមដាន និងចាប់សត្វក្រពើ។ បន្ទាប់ពីមក អាជ្ញាធរ បានចាប់សត្វក្រពើយក្សនោះ ចេញពីទឹកជំនន់ ប្រកបដោយជោគជ័យ ខណៈអ្នកភូមិក្នុងតំបន់ បាននាំគ្នាឈរមើល។ លុះក្រោយមក ក្រពើនោះ បានត្រូវគេរាយការណ៍ថា ងាប់ ហើយត្រូវបានគេយកទៅដាក់ នៅក្បែរផ្លូវ។ រូបភាពជាច្រើនដែលបានបង្ហាញពីក្រពើដ៏ធំមួយក្បាល មានប្រវែងជាច្រើនម៉ែត្រ បានទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ នៅក្នុងតំបន់។
ហេតុការណ៍នេះ បានកើតឡើង ចំពេលតំបន់មួយចំនួន ស្ថិតក្នុងខេត្ត Chachoengsao នៅតែបន្តប្រឈមមុខនឹងគ្រោះទឹកជំនន់។ ជាមួយគ្នានេះដែរ អាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះសត្វក្រពើ អាចនឹងផ្លាស់ទី ចេញពីដែនជម្រកធម្មជាតិរបស់ពួកវា ខណៈកម្រិតទឹកជំនន់ហក់ឡើងខ្ពស់។

បន្ថែមពីលើនេះ អាជ្ញាធរ បានណែនាំដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ត្រូវជៀសវាងការចុះទៅក្នុងទឹក ឬចូលទៅជិតតំបន់ដែលគេប្រទះឃើញសត្វដ៏កាចសាហាវប្រកបដោយគ្រោះថ្នាក់នេះ។ មួយវិញទៀត ប្រសិនបើមានអ្នកណាម្នាក់ ប្រទះឃើញសត្វដែលមានលក្ខណៈខុសប្លែកពីធម្មតា ឬអាចបង្កគ្រោះថ្នាក់ មិនគួរព្យាយាមចាប់ ឬចូលទៅជិតសត្វនោះឡើយ ប៉ុន្តែគួរតែទាក់ទងទៅអាជ្ញាធរ ដើម្បីសុំជំនួយវិញ ទើបល្អជាង ហើយមិនបង្កគ្រោះថ្នាក់ដល់ខ្លួន៕


