គ្រោះទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំង ស.ម្លា.ប់មនុស្សជាង៨០នាក់ នៅឥណ្ឌា ប៉ាគីស្ថាន និងអាហ្គានីស្ថាន
ហៀប ស៊ីថេត
9 ម៉ោងមុន

គ្រោះធម្មជាតិ៖ មនុស្ស៨២នាក់បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដូចបាក់មេឃ និងគ្រោះទឹកជំនន់ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅភាគឦសាននៃប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្គានីស្ថាន ក្នុងសប្តាហ៍នេះ ដោយបានបង្កការខូចខាតយ៉ាងខ្លាំងដល់ដីកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារសាធារណៈ នេះបើតាមមន្ត្រីអាជ្ញាធរក្នុងតំបន់។

នៅក្នុងរដ្ឋអាសាម (Assam) ភាគឦសាននៃប្រទេសឥណ្ឌា មានមនុស្សយ៉ាងតិច ១០នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយអាជ្ញាធរអះអាងថា វាជាការបំផ្លិចបំផ្លាញមិនធ្លាប់មាន ដែលបណ្ដាលឱ្យចំនួនអ្នកស្លាប់សរុបក្នុងរដ្ឋនេះកើនឡើងដល់៣៦នាក់ ក្នុងសប្តាហ៍នេះ។ យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ប្រជាជនជាង៦៥០០០០នាក់ នៅក្នុងស្រុកចំនួន១១នៃរដ្ឋអាសាម ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ដ៏ខ្លាំងក្លាបណ្ដាលមកពីភ្លៀងធ្លាក់ខុសធម្មតានៅរដ្ឋណាហ្កាឡែន (Nagaland) ដោយបានធ្វើឱ្យកម្ពស់ទឹកទន្លេកើនឡើងខ្ពស់ហួសប្រមាណ។

ស្រដៀងគ្នានេះដែរ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសប៉ាគីស្ថាន និងអាហ្គានីស្ថាន បានគូសបញ្ជាក់ថា ក្នុងរយៈពេល៧២ម៉ោងចុងក្រោយ មនុស្សយ៉ាងតិច៤៦នាក់បានស្លាប់ និងជាង១០០នាក់ទៀតបានរងរបួស ដោយសារទឹកជំនន់នៅខេត្តនូរីស្ថាន (Nuristan) ភាគឦសានប្រទេសអាហ្គានីស្ថាន និងខេត្តឃៃប៊ើប៉ាក់ទូនក្វា (Khyber Pakhtunkhwa) ប្រទេសប៉ាគីស្ថាន។ សូមជម្រាបថា បញ្ហាទឹកជំនន់កាន់តែខ្លាំងក្លា គ្រោះរាំងស្ងួត ការរលាយផ្ទាំងទឹកកក និងការខ្វះខាតទឹកស្អាត កំពុងគំរាមអាយុជីវិតមនុស្សរាប់លាននាក់ឱ្យស្ថិតក្នុងហានិភ័យខ្ពស់ជាប្រចាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត