
ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្ដៅគគុកអស់រយៈពេលខ្លី កម្លាំងសមត្ថកិច្ចជំនាញ បានឈានទៅដល់ការឃាត់ខ្លួនបុរសដែលបានយកដែកទៅដាក់កាត់ទទឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ....។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានសហការជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿន ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព (CCTV) នៅតាមបណ្តោយផ្លូវ និងចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំងកើតហេតុ ព្រមទាំងប្រមូលចម្លើយពីប្រជាពលរដ្ឋនៅក្បែរនោះ រហូតកំណត់មុខសញ្ញាបានយ៉ាងច្បាស់លាស់ និងឈានទៅដល់ការឃាត់ខ្លួនជនល្មើសឈ្មោះ សេង សុខ។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានលួចដែកមូលដែលមានប្រវែង៦ម៉ែត្រចំនួន២ដើម នៅក្នុងចម្ការមួយកន្លែងក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយលួចបានហើយ ក៏ដើរឆ្លងកាត់ផ្លូវល្បឿនលឿន (ទិសដៅពីលិចទៅកើត) ហើយបានទុកដែកដាក់ទទឹងកណ្ដាលទ្រូងផ្លូវ។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងដែកចំនួន២ដើម បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕




