
រាជធានីបាងកក៖ វ៉ាលិស និងអីវ៉ាន់ជាច្រើននៅកកស្ទះពេញព្រលានយន្តហោះសុវណ្ណភូមិ ក្នុងខេត្តសមុទ្ទប្រាការ (Samut Prakan) ប្រទេសថៃ ខណៈអ្នកដំណើរជាច្រើនបានធ្វើដំណើរទៅដល់ជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ Amrin TV នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

បញ្ហានេះបានកើតឡើងបន្ទាប់ពីមានទឹកជំនន់នៅតាមតំបន់ជាច្រើន បានធ្វើឱ្យបុគ្គលិកផ្នែកបម្រើសេវាកម្មរបស់ក្រុមហ៊ុន Thai Airways មួយចំនួន មិនអាចទៅធ្វើការបានតាមធម្មតា។ កត្តានេះបានបណ្ដាលឱ្យមានការខ្វះខាតបុគ្គលិក ហើយយានយន្តដឹកជញ្ជូនអីវ៉ាន់មួយចំនួនបានខូចខាតតាមផ្លូវ ដែលប៉ះពាល់ដល់ការរៀបចំអីវ៉ាន់សម្រាប់ជើងហោះហើរ និងធ្វើឱ្យអីវ៉ាន់នៃជើងហោះហើរជាច្រើនត្រូវកកស្ទះ។ ថ្វីដ្បិតតែព្រលានយន្តហោះសុវណ្ណភូមិ និងក្រុមហ៊ុន Thai Airways បានពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនចំនួនបុគ្គលិក និងបែងចែកដើម្បីប្រគល់អីវ៉ាន់ជូនអ្នកដំណើរវិញជាបណ្តើរៗយ៉ាងណាក្ដី ប៉ុន្តែគេនៅតែប្រទះឃើញវ៉ាលិសកកស្ទះជាច្រើន។

អ្នកដំណើរម្នាក់បាននិយាយថា «ដំបូងឡើយ មន្ត្រីបានប្រាប់ថាយើងត្រូវរង់ចាំប្រហែល ២ទៅ៤ម៉ោង ហើយបានសុំឱ្យយើងបំពេញបែបបទ។ យើងបានសួរថា តើគេនឹងផ្ញើវ៉ាលិសមកឱ្យយើងដែរឬទេ? ហើយគេឆ្លើយថា មិនទាន់អាចផ្ញើបានទេដោយសារទឹកជំនន់ ប៉ុន្តែគេមិនបានប្រាប់ថា នៅពេលណា ទើបអាចផ្ញើបាននោះឡើយ»។ អ្នកដំណើរស្រីម្នាក់ទៀត ដែលទើបត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ Thai Airways បានទម្លាយថា បន្ទាប់ពីមកដល់ព្រលានយន្តហោះសុវណ្ណភូមិ នាងរកវ៉ាលិសរបស់ខ្លួនមិនឃើញ ហើយត្រូវរង់ចាំយ៉ាងយូរ មុនពេលសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មក នាងបានត្រឡប់ទៅព្រលានយន្តហោះវិញនៅថ្ងៃបន្ទាប់ ដើម្បីតាមដានរកអីវ៉ាន់របស់ខ្លួន។

លើសពីនេះ មិត្តភក្តិរបស់នាងម្នាក់ទៀត បានរង់ចាំនៅព្រលានយន្តហោះតាំងពីពេលរសៀល ហើយបានព្យាយាមទាក់ទងមន្ត្រីជាច្រើនលើកច្រើនសា ប៉ុន្តែមិនទទួលបានចម្លើយច្បាស់លាស់ថាតើវ៉ាលិសនឹងមកដល់នៅពេលណានោះទេ...? ជុំវិញបញ្ហានះ នៅថ្ងៃទី២៩ ខែកញ្ញា លោក ឆៃ អៀមសិរី (Chai Eiamsiri) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានថ្លែងសូមអភ័យទោសពីអ្នកដំណើរទាំងអស់សម្រាប់ភាពរអាក់រអួលដែលបានកើតឡើង៕



