មានតំណាងថៃចូលរួម! គណៈកម្មាធិការអន្តរជាតិ ស្នើថៃផ្ដល់ព័ត៌មានពីទិសដៅដែលយោធាខ្លួនបា.ញ់ប្រ.ហារប្រាសាទព្រះវិហារ ដើម្បីជាមូលដ្ឋានក្នុងការបោសអាវុ.ធជាតិផ្ទុះ
S
Soriya Sou
•
01 តុលា 2026 03:00 PM

ព្រះវិហារ៖ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ និងការលេីកតម្លៃប្រាសាទព្រះវិហារ​ (ICC-ព្រះវិហារ​) ដែលមានភាគីចិន និងឥណ្ឌា ជាសហប្រធាន និងមានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ បានស្នើឱ្យភាគីថៃ ផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីទៅលើតំបន់ប្រាសាទព្រះវិហារ ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា ឈានទៅស្តារឡើងវិញនូវសុវត្ថិភាពនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍...។ 

សំណើនេះ ត្រូវបានលើកឡើងក្នុងកិច្ចបច្ចេកទេសលេីកទី១១​ នៃគណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ និងការលេីកតម្លៃប្រាសាទព្រះវិហារ​ (ICC-ព្រះវិហារ​) នៅខេត្តសៀមរាប កាលពីថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក៏ជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី លី ឈាវជី (Li Qiaozhi) អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងលោក វិជេ សាងការ ប្រាសាទ (Vijay Shankar PRASAD) លេខាទី២ នៃស្ថានទូតឥណ្ឌា និងមានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេសទៀត រួមមាន៖ ប្រទេសបែលហ្សិក, បារាំង, ជប៉ុន, ថៃ, និងសហរដ្ឋអាម៉េរិក។ តំណាងអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិ អ្នកជំនាញ និងតំណាងអន្តរជាតិផ្សេងៗទៀត ក៏បានចូលរួមដោយផ្ទាល់ដែរ ហើយមានតំណាងខ្លះ ចូលរួមតាមប្រព័ន្ធអនឡាញ។ អ្នកចូលរួមសរុប មានប្រមាណ១៥០នាក់។

ក្នុងកិច្ចប្រជុំ គណៈកម្មាធិការបានផ្ដោតលើលទ្ធផលនៃការអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដែលបានខូចខាតប្រាសាទព្រះវិហារចំនួន៥៦២កន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅបរិវេណលើភ្នំ ប្រាសាទព្រះវិហារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ប្រជាជនរស់នៅជុំវិញតំបន់បេតិកភណ្ឌ ដោយសារសង្រ្គាមថៃឈ្លានពានកម្ពុជាចំនួន២លើក ចាប់ពីថ្ងៃទី២៤-២៨ ខែ កក្កដា និងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ បច្ចុប្បន្ន របាយការណ៍ខូចខាតប្រាសាទព្រះវិហារត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក។ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីប្រមាណ៧០ហិកតា រកឃើញរណ្តៅគ្រាប់៦២៥កន្លែង គ្រាប់នៅលើដីចំនួន៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន២៤៧គ្រាប់ និងដ្រូនចំនួន៤។

ប៉ុន្តែអង្គប្រជុំនៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានភាពខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ និងបានពិនិត្យឃើញថាមានកិច្ចការបន្ទាន់ត្រូវអនុវត្តបន្តទៀតដើម្បីសង្គ្រោះប្រាសាទព្រះវិហារ រួមមាន៖ រចនាសម្ព័ន្ធប្រាសាទចំនួន២៥កន្លែងទៀតត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បី រក្សាទុកបំណែកថ្មជៀសវាងការខូចខាតនិងបាត់បង់ ការរៀបចំប្រព័ន្ធផ្លូវទឹកបន្ថែមទៀតដើម្បីបញ្ចៀសផលប៉ះពាល់ប្រាសាទ។ ក្រៅពីក្ដីបារម្ភ អង្គប្រជុំ ICC-ព្រះវិហារ​ បានស្នើសុំឱ្យភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា ឈានទៅស្តារសុវត្ថិភាពនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍ឡើងវិញ។ អង្គប្រជុំក៏បានអំពាវនាវដល់ប្រទេសជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ ស្ថាប័នជាតិនិងអន្តរជាតិ បន្តគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីសង្គ្រោះនិងស្តារឡើងវិញ សំដៅរក្សានិងលើកតម្លៃលេចធ្លោជាសកល យថាភាព និងបូរណភាពរបស់ប្រាសាទព្រះវិហារសម្រាប់កូនចៅជំនាន់ក្រោយរបស់មនុស្សជាតិ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍សង្កត់ធ្ងន់ថា តំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយតំបន់នេះមិនត្រូវបាន និង មិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ រដ្ឋមន្រ្តីវប្បធម៌ ក៏បានគូសបញ្ជាក់ពីសេចក្ដីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក Decision 48 COM 7 នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីខែកក្កដា ឆ្នាំ២០២៦ ដែលបានសម្ដែងនូវសមាណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អាយុជីវិតមនុស្ស រួមទាំងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌ និងការខូចខាតដល់សម្បត្តិបេតិកភណ្ឌពិភពលោក ដែលបណ្ដាលមកពីជម្លោះនានា រួមទាំងជម្លោះប្រដាប់អាវុធ និងភាពចលាចលស៊ីវិល។ ក្នុងន័យនេះ រដ្ឋមន្ត្រីវប្បធម៌សង្ឃឹមថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនទ្វេភាគី (JBC) នឹងបន្តការងាររបស់ខ្លួនឡើងវិញ ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនដោយសន្តិវិធី ស្របតាមអនុសញ្ញានិងកិច្ចព្រមព្រៀងដែលបានឯកភាពដោយប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមច្បាប់អន្តរជាតិ សំដៅធានាបាននូវសន្តិភាពសម្រាប់បេតិកភណ្ឌ និងប្រជាជននៃប្រជាជាតិទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត