
រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា តាមការស្រាវជ្រាវ និងពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតំបន់ប្រាសាទព្រះវិហារ ដែលយោធាថៃបានទម្លាក់គ្រាប់បំផ្លាញស្ទើរលែងសល់រូបរាង អាចកំណត់បានថា ភាគីថៃ បានរៀបចំផែនការ និងដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ដើម្បីកម្ទេចប្រាសាទព្រះវិហារដ៏កម្សត់ ដែលជាមរតកដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅ…។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ហេង រតនា បានបង្ហោះសំណេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានគូសបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ បានធ្វើការស្រាវជ្រាវព័ត៌មាន និងពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ រកឃើញថា ទាហានថៃ បានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន៥០១គោលដៅលើតួប្រាសាទ ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង។ ឆ្លងកាត់ការស្រាវជ្រាវ និងវាយតម្លៃយ៉ាងម៉ត់ចត់នេះ អាចកំណត់បានថា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារនេះ ថែមានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារ ដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏កម្រ និងកម្សត់បំផុតមួយនេះ។

យ៉ាងណាក៏ដោយ សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ត្រូវបានលាតត្រដាងជាបណ្តើរៗ ក្រោយអង្គការយូណេស្កូ បញ្ចេញរបាយការណ៍ណ៌វាយតម្លៃពីការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត នៅលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។ អគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ថែមទាំងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរ ដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិ។ កាលពីថ្ងៃទី៩កញ្ញាម្សិលមិញ អង្គការយូណេស្កូ បានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួមអង្គការយូណេស្កូ និងក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦មីនាកន្លងទៅ។

របាយការណ៍ បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្ដាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្នុងបេសកកម្ម អ្នកជំនាញ UNESCO–ICOMOS រកឃើញថា ផលប៉ះពាល់ពីការបាញ់ និងទម្លាក់គ្រាប់ពីសំណាក់យោធាថៃ បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស, ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ។ បេសកកម្ម ក៏បានកត់សម្គាល់យ៉ាងច្បាស់ទៀតថា គ្មានតំបន់ណាមួយរួចផុតពីផលប៉ះពាល់ឡើយ។ មិនត្រឹមតែសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទេសចរណ៍ ក៏រងការខូចខាតផងដែរ។ យោងតាមរបាយការណ៍ណ៍ដដែល UNESCO–ICOMOS បានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្រោម «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់ ហើយត្រូវការប្រតិបត្តិការអភិរក្សដ៏សំខាន់ជាបន្ទាន់»៕









