
ទីក្រុងប៊ូសាន៖ ថៃបានបង្ហាញប្រតិកម្មភ្លាមៗ ក្រោយសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ នៃអង្គការយូណេស្កូ ដែលមានសមាជិក១៦២ប្រទេសចូលរួម បានអនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងពេលជម្លោះប្រដាប់អាវុធ។ បន្ថែមពីនេះ តំណាងកម្ពុជាបានលើកឡើងពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌនេះ ដែលតម្រូវឱ្យមានការទទួលខុសត្រូវ និងថ្កោលទោសស្របតាមច្បាប់អន្តរជាតិ។

សម័យប្រជុំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍។ ក្នុងនោះ សម័យប្រជុំបានអនុម័តជាឯកច្ឆន្ទ ថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលមានជម្លោះប្រដាប់អាវុធ និងបានអំពាវនាវឱ្យរដ្ឋភាគីដែលកំពុងមានជម្លោះ ធានានូវការការពារសម្បត្តិបេតិកភណ្ឌ និងបញ្ចៀសការប្រើប្រាស់តំបន់បេតិកភណ្ឌ សម្រាប់គោលដៅយោធា។ ទោះបីមិនបានហៅឈ្មោះថៃចំៗ តែការអនុម័តថ្កោលទោសក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ធ្វើឡើងក្រោយជម្លោះកម្ពុជា-ថៃបានផ្ទុះឡើងក្នុងឆ្នាំ២០២៥ ដែលបង្កឡើងដោយយោធាថៃឈ្លានពានដណ្ដើមកាន់កាប់ទឹកដីកម្ពុជាតាមព្រំដែន បំផ្លាញប្រាសាទបុរាណរបស់កម្ពុជា មានប្រាសាទព្រះវិហារ ជាដើម។ ជាមួយគ្នា ការអនុម័តថ្កោលទោសនេះ កើតឡើងក្រោយការអំពាវនាវរបស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ដែលចូលរួមធ្វើបទអន្តរាគមន៍ក្នុងសម័យប្រជុំខាងលើ កាលពីថ្ងៃទី២២កក្កដា។ លោកស្រី ស្នើឱ្យសហគមន៍អន្តរជាតិ ជួយបន្តតាមដាន និងរួមគ្នាការពារតំបន់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារស្នាដៃយោធាថៃឈ្លានពាន។

លោក សួស យ៉ារ៉ា តំណាងគណបក្សប្រជាជនកម្ពុជា ដែលកាន់តួនាទីជាប្រធានប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) បានថ្លែងក្នុងសម័យប្រជុំរបស់អង្គការយូណេស្កូខាងលើ ដោយមិនបញ្ចេញឈ្មោះប្រទេសថៃចំៗ តែបានលើកឡើងពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតម្រូវឱ្យមានការទទួលខុសត្រូវ និងទាមទារឱ្យមានការថ្កោលទោសស្របតាមច្បាប់អន្តរជាតិ។ លោកបានបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់អរិយធម៌ និងតំបន់បេតិកភណ្ឌពិភពលោក តាមរយៈបណ្តាញមិត្តភាពក្រុង បេតិកភណ្ឌ ដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជម្លោះ ព្រមទាំងបានជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌។

ខណៈនោះ គណៈប្រតិភូថៃ បានឆ្លើយតបភ្លាមៗ តែមិនហ៊ាននិយាយចំអំពីការបំពាន និងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលបង្កឡើងដោយយោធាខ្លួននាពេលកន្លងទៅនោះទេ។ គណៈប្រតិភូថៃ បានការពារខ្លួនថា ប្រទេសថៃផ្តោតទៅលើការការពារតំបន់ទ្រនាប់ជុំវិញតំបន់ស្នូលបេតិកភណ្ឌទាំងមូល មិនមែនតែតួប្រាសាទមួយផ្នែកទេ គឺក្នុងន័យទាមទារថា ប្រទេសថៃនៅតែមានចំណែកក្នុងការចូលរួម ការពារបេតិកភណ្ឌពិភពលោក និងបន្តសហការជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់។ ប្រធានដឹកនាំអង្គប្រជុំ អនុញ្ញាតឱ្យតំណាងថៃ ថ្លែងសារក្នុងរយៈពេល១នាទីប៉ុណ្ណោះ។

លោកបណ្ឌិត មាស នី អ្នកតាមតានស្ថានការណ៍សង្គម ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នាព្រឹកថ្ងៃទី៣១ ខែកក្កដា យ៉ាងដូច្នេះថា៖«រាល់ការបាញ់ផ្លោងទាំងឡាយមកលើប្រាសាទខ្មែរ រួមទាំងការដណ្ដើមដើម្បីកាន់កាប់ប្រាសាទផង វាជាកំហុសរបស់ថៃ ដែលបានរៀបចំប្រយុទ្ធចូលមកកាន់កាប់តំបន់ក្នុងទឹកដីកម្ពុជា...»។ ក្នុងពេលបង្កសង្រ្គាមឈ្លានពានកម្ពុជាចំនួន២លើក នៅឆ្នាំ២០២៥ ថៃបានបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរសរុប៥៦២កន្លែង ដល់ប្រាសាទព្រះវិហារ។ នៅមានប្រាសាទផ្សេងទៀតរបស់កម្ពុជា ក៏ត្រូវខូចខាតដោយសារស្នាដៃដែរ៕




