យូណេស្កូ កំពុងយកចិត្តទុកដាក់តាមដានករណីប្រាសាទព្រះវិហារ ដែលត្រូវថៃបំផ្លាញស្ទើរខ្ទេចខ្ទី
S
Soriya Sou
22 កក្កដា 2026 10:00 AM

រាជធានីភ្នំពេញ៖ អគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ លោក ណាយ៉ែហ្វ អាល់-ហ្វាយ៉េស (Nayef Al-Fayez) អះអាងថា អង្គការយូណេស្កូ បាននិងកំពុងយកចិត្តទុកដាក់លើករណីប្រាសាទព្រះវិហារ ជារតនសម្បត្តិបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញរបស់កម្ពុជា ខណៈប្រាសាទនេះកំពុងរងគ្រោះស្ទើរបាត់រូបរាងដោយសារស្នាដៃយោធាថៃឈ្លានពានកម្ពុជា…។

លោក ណាយ៉ែហ្វ អាល់ ហ្វាយ៉េស ថ្លែងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ ដែលបានបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារ​ កាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។ ក្នុងកិច្ចការងារនេះ លោកស្រីរដ្ឋមន្រ្តីបានកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង ដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។

ជាការឆ្លើយតប លោក ណាយ៉ែហ្វ អាល់ ហ្វាយ៉េស បានបញ្ជាក់ពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរូបលោកផ្ទាល់ ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌។ ក្នុងជំនួបដដែល លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានជម្រាប លោក ណាយ៉ែហ្វ អាល់ ហ្វាយ៉េស ពីបំណងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខណៈអគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ បានសន្យានឹងគាំទ្រសំណើរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត