
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៦៤ឆ្នាំ ដែលកម្ពុជាបានឈ្នះក្ដីលើភាគីថៃ ពាក់ព័ន្ធសំណុំរឿងប្រាសាទព្រះវិហារ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញដីកាកំណត់ឱ្យភាគីថៃ ដកយោធា និងការគ្រប់គ្រងផ្នែករដ្ឋបាលទាំងអស់របស់ខ្លួន ចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ។

សូមរំឭកថា កម្ពុជាបានឈ្នះក្តីលើថៃចំនួន២លើកនៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ ដោយលើកទី១កាលពីថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និង លើកទី២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ជម្លោះនៅប្រាសាទព្រះវិហារ បានចាប់ផ្តើមផ្ទុះខ្លាំងនៅឆ្នាំ១៩៥៤ គឺបន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យពីបារាំង ស្រាប់តែភាគីថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេច នរោត្តម សីហនុ បានសម្រេចព្រះទ័យដាក់ពាក្យបណ្តឹងប្រឆាំងនឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ ចេញពីប្រាសាទព្រះវិហារ។ លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីលើភាគីថៃ ដោយសម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។

យ៉ាងណាក៏ដោយ រហូតដល់ឆ្នាំ២០០៨ ថៃបានបំពានសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ដោយបញ្ជូនកងទ័ពចូលទៅឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារសាជាថ្មី។ កម្ពុជា-ថៃ បានប៉ះទង្គិចគ្នាផ្នែកកងទ័ពអស់ជាច្រើនឆ្នាំ គឺពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១។ កម្ពុជា បានរត់ទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិម្ដងទៀត ហើយរហូតដល់ឆ្នាំ២០១៣ តុលាការអន្តរជាតិមួយនេះ ក៏សម្រេចដូចឆ្នាំ១៩៦២ដដែល គឺនៅតែឱ្យកម្ពុជាឈ្នះថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ និងតម្រូវឱ្យថៃដកកងកម្លាំងគ្រប់ប្រភេទចេញពីតំបន់ប្រាសាទព្រះវិហារ។

មកទល់ពេលនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដី និងប្រាង្គប្រាសាទខ្មែរ ខណៈយកមិនបាន ថៃបានព្យាយាមបំផ្លាញចោល។ ជាក់ស្ដែង ក្នុងពេលបង្កសង្រ្គាមឈ្លានពានកម្ពុជាចំនួន២លើក នៅឆ្នាំ២០២៥ថ្មីៗនេះ ភាគីថៃបានប្រើប្រាស់អាវុធធន់ធ្ងន់បាញ់ផ្លោង ទម្លាក់គ្រាប់ជាច្រើនលើទីតាំងប្រាសាទព្រះវិហារ។ បច្ចុប្បន្ន ប្រាសាទព្រះវិហាររបស់កម្ពុជា កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរលែងសល់រូបរាងទៅហើយ ដោយសារស្នាដៃយោធាថៃឈ្លានពាន។ ការខូចខាតយ៉ាងធ្ងន់ធ្ងរនេះ តម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវចំណាយពេលរាប់សិបឆ្នាំ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួសជុលឡើងវិញ៕




