
អ.ស.ប៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសនានា ឱ្យដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជាបន្ទាន់ ដោយលោកបានហៅតុលាការនេះ ថា ជា«ស្ថាប័នដ៏អាក្រក់» និង «គ្មានច្បាប់ទម្លាប់»។ ទោះជាយ៉ាងណាក៏ដោយ មានត្រឹមតែប្រទេសណៅអ៊ីរ៉ូ (Naoero ឬ Nauru) ដែលជាប្រទេសដែនកោះដ៏តូចមួយនៅប៉ាស៊ីហ្វិកប៉ុណ្ណោះ ដែលបានធ្វើតាមការអំពាវនាវនេះ ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសប្តាហ៍នេះ។

ការអំពាវនាវរបស់លោក ត្រាំ គឺជាជំហានចុងក្រោយនៃការកើនឡើងនូវយុទ្ធនាការរបស់សហរដ្ឋអាម៉េរិក ប្រឆាំងនឹងតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ មួយនេះ។ រដ្ឋធានីវ៉ាស៊ីនតោន បានអះអាងថា ICC បានប្រព្រឹត្តហួសព្រំដែនសមត្ថកិច្ចរបស់ខ្លួន ដោយព្យាយាមកាត់ទោសពលរដ្ឋនៃបណ្តាប្រទេស ដែលមិនមានសច្ចាប័នលើសន្ធិសញ្ញានៃលក្ខន្តិកៈទីក្រុងរ៉ូម រួមទាំងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលផងដែរ។ ប្រទេសមួយចំនួនតូច បានផ្លាស់ប្ដូរទិសដៅដើម្បីចាកចេញពី ICC យ៉ាងណា រដ្ឋាភិបាលជាច្រើន ជាពិសេស នៅអឺរ៉ុប បានរួមកម្លាំងគ្នាការពារតុលាការដែលមានសមាជិកចំនួន១២៥ប្រទេសមួយនេះ ដោយចាត់ទុកថា ជាសសរទ្រូងនៃយុត្តិធម៌អន្តរជាតិ។ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រហូឡង់ លោក រ៉ូប ជេតថេន (Rob Jetten) បានថ្លែងការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា តុលាការនេះកំពុងរងការវាយប្រហារ និងស្ថិតក្នុងហានិភ័យ។

លោកថ្លែងថា៖«តើអ្នកអាចប្រឆាំងនឹងការកាត់ទោសបទល្មើសដ៏អាក្រក់បំផុតដោយរបៀបណា..? ចម្លើយមានតែមួយគត់ គឺត្រូវនិយាយថា កុំប៉ះពាល់ ICC និងស្ថាប័នទាំងហ្លាយណា ដែលការពារសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ»។ កាលពីខែកក្កដា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ចាប់ផ្តើមយុទ្ធនាការទូតដើម្បី«កម្ទេច ICC» ដោយអះអាងថា តុលាការនេះ បង្កការគំរាមកំហែងដល់យោធិនសហរដ្ឋអាម៉េរិក និងអ្នកអនុវត្តបទបញ្ជាបណ្តេញជនអន្តោប្រវេសន៍របស់លោក ត្រាំ។ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា យុទ្ធនាការនេះ ធ្វើឡើងដើម្បីការពារនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលត្រូវ ICC ចេញដីកាចាប់ខ្លួន កាលពីឆ្នាំ២០២៤ ជុំវិញសង្គ្រាមនៅហ្កាហ្សា។

ចាប់តាំងពីលោក រ៉ូប៊ីអូ ប្រកាសយុទ្ធនាការនេះ ប្រទេសវេណេស៊ុយអេឡា និងឆាដ (Chad) បានប្រកាសផែនការដកខ្លួនចេញពីតុលាការនេះ។ កាលពីឆ្នាំមុន ប្រទេសប៊ូគីណាហ្វាសូ ម៉ាលី និងនីហ្សេ ក៏បានប្រកាសដកខ្លួនផងដែរ ដោយថ្កោលទោសតុលាការនេះថា ជាឧបករណ៍នៃការជិះជាន់បែបអាណានិគមនិយមថ្មី។ សហភាពអឺរ៉ុប (EU) បានរួមកម្លាំងគ្នាយ៉ាងរឹងមាំនៅពីក្រោយតុលាការ ICC ដោយប្រមុខការបរទេស EU លោកស្រី កាចា កាឡាស់ (Kaja Kallas) លើកឡើងថា ប្លុកនេះ មានឧបករណ៍គ្រប់គ្រាន់ដើម្បីការពារ ICC និងប្រមូលផ្តុំការគាំទ្រពីបណ្តាប្រទេសនានា។ ជាមួយគ្នា ប្រទេសជប៉ុន ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ ICC ផងដែរ។ ទន្ទឹមនឹង នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) បានគូសបញ្ជាក់ក្នុងមហាសន្និបាត ថា ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើក២ ជប៉ុនតែងតែផ្តល់សារសំខាន់ខ្លាំងលើនីតិរដ្ឋ ក្នុងការដោះស្រាយរាល់វិវាទទាំងអស់។

ជាចុងក្រោយ អ្នកវិភាគជាន់ខ្ពស់នៅអង្គការ International Crisis Group លោក ប្រាយអិន ហ្វីនូខេន (Brian Finucane) បានកត់សម្គាល់ថា ជំហររបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹង ICC បានធ្វើឱ្យអាម៉េរិកដើរលើផ្លូវស្របគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលធ្លាប់ជាគោលដៅនៃដីកាចាប់ខ្លួនរបស់ ICC ផងដែរ៕


