ក្រសួងបរិស្ថាន ស្នើអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានការលើការនាំចូលសំណល់អគ្គិសនី អេឡិចត្រូនិក ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាព
S
Soriya Sou
03 សីហា 2026 10:00 AM

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន បានស្នើដល់អភិបាលរាជធានី-ខេត្ត អនុវត្តវិធានការច្បាប់ លើការនាំចូលសំណល់អាគុយ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ព្រោះសំណល់ទាំងនេះ បង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្ស…។

សំណើក្រសួងបរិស្ថាន ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២សីហា ឆ្នាំ២០២៦ ក្រោយសង្កេតឃើញទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួច បាននាំចូលបរិក្ខារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកប្រើប្រាស់រួច ចូលមកកម្ពុជា ដោយមានលាយឡំជាមួយសំណល់ រួមមាន៖ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរបង្កក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនសម្អាតខោអាវ ទូរទស្សន៍ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរសព្ទ ថេបប្លែត ដែលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់។ ក្រសួងអះអាងថា សំណល់ទាំងនេះ ​វាមានផ្ទុកសារធាតុគ្រោះថ្នាក់ ដូចជា៖ បារត កាត់ម្ញូម នីកែល ក្រូម អាសេនិក សំណ ដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅពេលសារធាតុទាំងនេះ សាយភាយចូលក្នុងបរិស្ថានតាមរយៈការទុកដាក់ ការដោះបំបែក និងកែច្នៃមិនបានត្រឹមត្រូវតាមបច្ចេកទេស សុវត្ថិភាពបរិស្ថាន។

បើតាមក្រសួងបរិស្ថាន ក៏មានសំណើគម្រោងវិនិយោគលើការកែច្នៃអាគុយ បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកមួយចំនួន មានបំណងនាំចូលវត្ថុធាតុដើមដែលជាសំណល់គ្រោះថ្នាក់ពីក្រៅប្រទេស ដើម្បីយកមកកែច្នៃក្នុងស្រុក។ គម្រោងប្រភេទនេះ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបរិស្ថាន ដោយពុំគួរទទួលបានការគាំទ្រឡើយ។ ក្នុងន័យនេះ ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថាន ពីសារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់អាគុយ និងសំណល់ផ្សេងៗ ក្រសួងបរិស្ថាន សូមស្នើដល់អភិបាលរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការច្បាប់លើការនាំចូលសំណល់ខាងលើ ពីក្រៅប្រទេសចូលមកកម្ពុជាឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា ការនាំចូលសំណល់អាគុយ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវបានហាមឃាត់ ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត