អនុទីន ត្រូវ​ពលរដ្ឋ​ដៀលត្មះទាំងយប់ ជុំវិញគ្រោះ​ទឹកជំនន់ ក្រោយសន្យាហើយ ធ្វើមិនបាន
ហៀប ស៊ីថេត
•
មួយថ្ងៃមុន

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) ត្រូវប្រជាពលរដ្ឋស្រែកគំហក ដៀង​ត្មះយ៉ាងខឹងសម្បា នៅពេលដែលលោកចុះសួរសុខទុក្ខតំបន់រងគ្រោះដោយទឹកជំនន់នៅអគារស្នាក់នៅ Khlong Chan Flat 15 ក្នុងខណ្ឌបឹងកាពី (Bang Kapi) រាជធានីបាងកក កាលពីយប់ថ្ងៃចន្ទទី២៨ ខែកញ្ញា។

នៅពេលដែលលោក អនុទីន ចេញមុខសម្ដែងចែកអំណោយដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ ស្រាប់តែប្រជាពលរដ្ឋបានស្រែកសួរទាំងកំហឹងថា «តើពេលណាទើបទឹកស្រកទៅវិញ?», «លោកនាយករដ្ឋមន្រ្តីធ្លាប់និយាយថា អាចគ្រប់គ្រងស្ថានភាពបាន...មេត្តាជួយពន្លឿនការបូមរំដោះទឹកផង»។ ស្ដាប់ហើយស្ពឹកមុខ និយាយមិនចេញ ស្រាប់តែ អនុទីន បានត្រឹមឆ្លើយដោះសារថា អាជ្ញាធរមិនទាន់អាចបូមទឹកចេញបាននៅឡើយទេ ដោយសារតែកម្រិតទឹកនៅតែមានកម្ពស់ខ្ពស់ ហើយលោកបានសន្យាថា ម្ហូបអាហារ និងទឹកបរិភោគ នឹងត្រូវនាំយកមកចែកជូនជារៀងរាល់ថ្ងៃ។

តាមពិត ការដៀមដាម និងការរិះគន់លោក អនុទីន កើតឡើងតាំងពីល្ងាចថ្ងៃទី២៧ ខែកញ្ញាមកម្ល៉េះ គឺនៅពេលលោកចុះទៅពិនិត្យ និងនាំយកជំនួយទៅកាន់តំបន់រងគ្រោះដោយសារទឹកជំនន់។ នៅពេលនោះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានស្រែកឌឺដងទៅកាន់លោកថា «អ្នកមានពេកហើយ តើមកធ្វើអ្វី..?»។ សូមជម្រាបថា ការចេញមុខរិះគន់យ៉ាងគំហុកលើលោក អនុទីន ពីសំណាក់ប្រជាជននេះ កើតឡើងក្រោយតំបន់ជាច្រើនក្នុងរាជធានីបាងកក និងបណ្តាខេត្តជាច្រើននៅថៃ នៅតែបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ ខណៈថ្នល់ស្ទើរក្លាយជាស្ទឹង, ទំនប់ទឹកពេញហូរហៀដល់ទៅកម្ពស់៤ម៉ែត្រ ហើយផ្ទះសម្បែង ទ្រព្យសម្បត្តិ និងយានយន្ត កំពុងលង់លិចដោយទឹកជំនន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត