
រាជធានីគូឡាឡាំពួ៖ ម៉ាឡេស៊ី ចាប់ផ្តើមរៀបចំបញ្ជូនជនអន្តោប្រវេសន៍ជនជាតិភូមា៥ពាន់នាក់ ទៅប្រទេសកំណើតវិញ ដោយក្នុងដំណាក់កាលដំបូង មានជាង១,៤ពាន់នាក់។ នេះបើតាមការចុះផ្សាយសារព័ត៌មាន The Star នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

អាជ្ញាធរម៉ាឡេស៊ី រកឃើញជនអន្តោប្រវេសន៍ជនជាតិភូមាទាំងនោះ ចូលទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ គ្មានឯកសារគ្រប់គ្រាន់ និងអ្នកខ្លះទៀត ប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ។ ក្រសួងមហាផ្ទៃម៉ាឡេស៊ី បានឱ្យដឹងថា ការបញ្ជូនជនជាតិភូមាត្រឡប់ទៅវិញ គឺធ្វើឡើងជាដំណាក់កាលៗ បន្ទាប់ពីរដ្ឋាភិបាលភូមា យល់ព្រមទទួលពួកគេ ហើយម្យ៉ាង ពួកគេ ក៏ស្ម័គ្រចិត្តយល់ព្រមត្រឡប់ទៅវិញដែរ។

មនុស្សជាង១,៤ពាន់នាក់ ដែលត្រូវបានបញ្ជូនចេញកាលពីថ្ងៃទី២៩ ខែកញ្ញា គឺជាចំនួនមួយផ្នែកនៅក្នុងបញ្ជីឈ្មោះ ដែលរដ្ឋាភិបាលភូមា បានដាក់ជូនរាជរដ្ឋាភិបាលម៉ាឡេស៊ីតាមរយៈលិខិតការទូត។ ពួកគេ ត្រូវបានបញ្ជូនចេញតាមផ្លូវសមុទ្ទ ដោយប្រើនាវាចំនួន ៣គ្រឿងរបស់រដ្ឋាភិបាលភូមា។ ក្រសួងមហាផ្ទៃម៉ាឡេស៊ី បន្តថា គិតត្រឹមថ្ងៃទី១៥ ខែសីហា មានជនជាតិភូមាជាង១ម៉ឺននាក់ កំពុងស្ថិតក្នុងមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍របស់ម៉ាឡេស៊ី ហើយកំពុងឆ្លងកាត់ការត្រួតពិនិត្យអត្តសញ្ញាណ និងប្រវត្តិផ្ទាល់ខ្លួន។

ក្នុងចំណោមជាង១ម៉ឺននាក់នោះ មាន៥ពាន់នាក់ត្រូវបានកំណត់ និងដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ ដែលត្រូវរៀបចំបញ្ជូនត្រឡប់ទៅភូមាវិញ ដោយមានការស្ម័គ្រចិត្តពីសាម៉ីខ្លួន។ ការបញ្ជូនដំណាក់កាលបន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើងដោយអាស្រ័យលើការបញ្ចប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ឯកសារ និងព័ត៌មានផ្ទាល់ខ្លួនជាមុនសិន។

ជាមួយគ្នា អាជ្ញាធរប្រទេសទាំង២ ក៏ត្រូវរៀបចំផ្នែកដឹកជញ្ជូន និងការសម្របសម្រួលឱ្យបានសមស្របជាមុនសិនដែរ មុននឹងសម្រេចបញ្ជូនអ្នកទាំងនោះបន្តទៀត។ សូមជម្រាបថា ចាប់តាំងពីផ្ទុះសង្គ្រាមស៊ីវិលដោយសាររដ្ឋប្រហារនៅឆ្នាំ២០២១មក ប្រជាជនភូមា ត្រូវរស់នៅក្នុងភាពលំបាកវេទនា ហើយប្រជាជនមួយចំនួនធំ ក៏នាំគ្នាភៀសខ្លួនទៅប្រទេសដទៃ ដើម្បីគេចចេញពីសង្គ្រាមផង និងដើម្បីស្វែងរកការងារធ្វើចិញ្ចឹមជីវិតផង៕



