
រាជធានីបាងកក៖ ចាប់តាំងពីការឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីថៃ រហូតមក លោក អនុទីន បានរងនូវរលករិះគន់ និងការស្ដីបន្ទោសជាច្រើនលើកច្រើនសា ពីមហាជនថៃ ដោយសារសកម្មភាពរបស់មន្ត្រីរាជរដ្ឋាភិបាលរបស់លោក មានវិធានការយឺតយ៉ាវ នៅក្នុងការដោះស្រាយ និងជួយសង្គ្រោះដល់ជនរងគ្រោះ ពីគ្រោះទឹកជំនន់ ហើយនៅទីបំផុត ដោយសារមិនអាចតបតបាន លោកក៏សុខចិត្តយល់ព្រមឱ្យស្ថាប័ននានារបស់រាជរដ្ឋាភិបាល ទទួលនូវការរិះគន់ទាំងនោះ...។

សារព័ត៌មានថៃ ខាវសដ បានចេញផ្សាយនៅថ្ងៃពុធទី៣០ ខែកញ្ញានេះថា លោក អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងនោះ កាលពីព្រឹកថ្ងៃពុធ បានជំរុញឱ្យស្ថាប័ន និងភ្នាក់ងារនានារបស់រដ្ឋ ទទួលយកការរិះគន់ពីសាធារណជន ជុំវិញស្ថានភាពទឹកជំនន់ ដោយបើកចិត្តទូលាយ ព្រមទាំងសហការគ្នា និងចៀសវាងការរារាំង ឬប្រឆាំងគ្នាទៅវិញទៅមក ស្របពេលអាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដី អនុទីន កើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ខណៈលោកកំពុងដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការជាតិ សម្រាប់ការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នៅឯនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM)។ កិច្ចប្រជុំនេះ មានការចូលរួមពីស្ថាប័ន និងទីភ្នាក់ងារពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលថៃ រួមមាន៖ មេបញ្ជាការយោធា, អគ្គស្នងការនគរបាលជាតិ, អភិបាលខេត្ត មកពីបណ្តាខេត្តនៅទូទាំងប្រទេស និងអភិបាលរាជធានីបាងកក ដើម្បីវាយតម្លៃ អំពីស្ថានភាពទឹកជំនន់ និងសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។

លោកនាយករដ្ឋមន្រ្ដី អនុទីន បញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃអំពីការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល កំណត់បញ្ហាដែលបានបង្កឡើងដោយទឹកជំនន់ ទាំងនៅក្នុងរាជធានីបាងកក និងខេត្តជុំវិញ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ទឹកជំនន់ដែលអាចកើតឡើងនៅតាមតំបន់ផ្សេងៗទៀតរបស់ប្រទេស។ នេះជាការសម្របសម្រួល រវាងស្ថាប័ន និងទីភ្នាក់ងារនានានៅទូទាំងប្រទេស ដើម្បីឱ្យពួកគេអាចធ្វើការងារនៅក្នុងទិសដៅតែមួយ។ ទន្ទឹមគ្នា លោកនាយករដ្ឋមន្រ្ដី ក៏បានទទួលយកនូវការរិះគន់យ៉ាងមិនសំចៃមាត់ ពីសាធារណជន ជុំវិញការឆ្លើយតបមិនទាន់ពេលវេលារបស់មន្ត្រីរាជរដ្ឋាភិបាល។

លោក អនុទីន បានសង្កត់ធ្ងន់ថា៖«ខ្ញុំចង់ឱ្យអស់លោកទាំងអស់គ្នា បើកចិត្តទូលំទូលាយ និងមានការអត់ធ្មត់។ កុំយកពាក្យសម្តីរិះគន់ទាំងនោះ មកដាក់ក្នុងចិត្តដោយផ្ទាល់ខ្លួន។ ចូរប្រើប្រាស់ពាក្យសម្ដីទាំងនោះ ដើម្បីស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ។ អស់លោកទាំងអស់គ្នា ត្រូវធ្វើការរួមគ្នា មិនមែនរារាំង ឬប្រឆាំងគ្នាទៅវិញទៅមកនោះទេ ហើយត្រូវប្រើប្រាស់អំណាចរបស់ខ្លួនឱ្យអស់លទ្ធភាព ដើម្បីដោះស្រាយស្ថានភាពទាំងនេះ»៕


