
រដ្ឋធានីសេអ៊ូល៖ មេដឹកនាំរបបផ្ដាច់ការកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា ជាអ្នកចូលចិត្តផឹកសុរារបស់លោកខាងលិច ខណៈបច្ចុប្បន្នទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានរាយការណ៍អំពីស្ថានភាពសុខភាពរបស់គាត់ ធាត់ហួសប្រមាណ ដោយឡើងទម្ងន់រហូតដល់ជាង១៤០គីឡូក្រាម...។

សារព័ត៌មានកូរ៉េខាងត្បូង The Chosun Daily បានចេញផ្សាយនៅរសៀលថ្ងៃពុធទី៣០ ខែកញ្ញានេះថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (NIS) របស់កូរ៉េខាងត្បូង បានរាយការណ៍អំពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងកូនស្រីរបស់គាត់ គឺនាង គីម ជូ-អេ (Kim Ju-ae) ថា៖«ស្ថានភាពសុខភាពរបស់លោកប្រធាន គីម ត្រូវចាត់ថ្នាក់ថា មានបញ្ហាធាត់ខ្លាំង ដោយមានទម្ងន់លើសពី១៤០ គីឡូក្រាម ហើយកូនស្រីរបស់គាត់«នាង គីម ជូអេ ត្រូវបានគេដឹងថា មានកម្ពស់១,៦០ម៉ែត្រ និងមានទម្ងន់លើសពី៥០គីឡូក្រាម»។

ព័ត៌មានទាំងនេះ បានទម្លាយចេញដោយសមាជិកសភាកូរ៉េខាងត្បូង មកពីគណបក្សប្រជាធិបតេយ្យកូរ៉េ (Democratic Party of Korea) គឺលោក យួន គុន-យុង (Youn Kun-young) និងសមាជិកសភាមកពីគណបក្សអំណាចប្រជាជន (People Power Party) លោក យូ យឹងហា (Yoo Yeong-ha) ដែលតំណាងរាស្រ្ដទាំងពីរនាក់នេះ ជាប្រធានក្រុមតំណាងគណបក្ស ប្រចាំនៅគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ នៃរដ្ឋសភា ហើយបានចូលរួមនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការនេះ នៅថ្ងៃពុធ។

ទាក់ទងនឹងស្ថានភាពសុខភាពរបស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងវិញនោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) បានបន្ថែមថា៖ទោះបីជាមេដឹកនាំកូរ៉េខាងជើង ស្ថិតក្នុងក្រុមមានហានិភ័យខ្ពស់ នៃជំងឺដាច់សរសៃឈាមបេះដូងយ៉ាងណាក៏ដោយ ក៏គាត់នៅតែអាចធ្វើសកម្មភាពគ្រប់យ៉ាងបាន ដោយគ្មានការលំបាក ដូចជា ការរត់ឡើងតាមជណ្តើរជាដើម កំលុងពេលចុះត្រួតពិនិត្យនាវាពិឃាដ។ លើសពីនេះ គាត់មានក្រុមគ្រូពេទ្យជំនាញយ៉ាងពិសេស កំពុងតាមដានស្ថានភាពសុខភាពរបស់គាត់យ៉ាងដិតដល់ ហើយមិនមានការរកឃើញសញ្ញាណាមួយ មិនប្រក្រតីនោះឡើយ។

ជាមួយគ្នា ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានបន្ដថា កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នាង គីម ជូ-អេ មានការឡើងកម្ពស់ និងទម្ងន់ធ្ងន់ជាងមុន ហើយនាងស្លៀកឈុតស្ត្រី និងពាក់ស្បែកជើងកែងខ្ពស់ បង្កើតបានជារូបភាពនារីពេញវ័យ។ បច្ចុប្បន្ន នាង គីម ជូ-អេ កំពុងពង្រីកតួនាទីរបស់នាង ចេញពីសកម្មភាពយោធា ទៅកាន់វិស័យស៊ីវិល នយោបាយ និងការទូត។ ជាការកត់សម្គាល់ នាងបានបង្ហាញខ្លួនចំនួន៣០ដងរួចមកហើយ នៅឆ្នាំ២០២៦នេះ ដោយបានបង្កើតកំណត់ត្រាដែលមានភាពញឹកញាប់បំផុត ក្នុងប្រវត្តិសាស្ត្រ៕


