
រាជធានីភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត[ផលិតផល]ធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានដំឡើងពី២១០ដុល្លារ ទៅ២១២ដុល្លារនៅក្នុង១ខែ។ មានន័យថា ក្រោយការចរចាប្រាក់ឈ្នួល១៧លើក ពីសំណាក់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត ប្រាក់ឈ្នួលរបស់កម្មករនិយោជិតត្រូវបានដំឡើងចំនួន២ដុល្លារ ហើយ២ដុល្លារនេះទៀតសោត គឺរាជរដ្ឋាភិបាលជាអ្នកបន្ថែមជូនកម្មករនិយោជិត មិនមែនទទួលបានពីភាគីនិយោជកនោះឡើយ…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់តាមរយៈសារនៅលើបណ្ដាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៦នេះថា ក្រៅពីការដំឡើងប្រាក់ឈ្នួល២ដុល្លារបន្ថែម ជូនបងប្អូនកម្មករ សម្ដេចក៏បានឯកភាពរក្សា«ប្រាក់ឧបត្ថម្ភបណ្តោះអាសន្ន លើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ» ចំនួន២,៥ដុល្លារក្នុងមួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ខណៈអត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនបងប្អូនផងដែរ។ លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មើលឃើញថា ការដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៧ ត្រឹមតែ២ដុល្លារ ជាចំនួនតិចណាស់ បើប្រៀបធៀបនឹងការចំណាយរបស់ពួកគាត់។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅរសៀលថ្ងៃទី៣០កញ្ញានេះ លោក អាត ធន់ មានប្រសាសន៍ថា៖«ខ្ញុំយល់ឃើញថា ចំនួន២ដុល្លារដែលផ្ដល់ដោយរាជរដ្ឋាភិបាល វានៅតិចនៅឡើយ បើយើងប្រៀបធៀបអតិផរណាប្រហែលជា៥ភាគរយ ហើយកម្មករទាមទារហូតដល់២៥០ដុល្លារឯណោះ។ វាអាចដោះស្រាយបញ្ហាជីវភាពរបស់ពួកគាត់បានតិចមែនទែន ព្រោះពួកគាត់ត្រូវចំណាយថ្លៃអាហារ ស្នាក់នៅ សោហ៊ុយធ្វើដំណើរ កូនរៀន និងដោះស្រាយបំណុល»។ តាមពិតទៅ ប្រាក់ឈ្នួលដែលរដ្ឋដំឡើងបន្ថែមចំនួន២ដុល្លារ បូកនឹងប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន២,៥ដុល្លារទៀត សរុបបាន៤,៥ដុល្លារ។

លោក អាត ធន់ មិនប្រកែកទេ បើសិនបូកបញ្ចូលគ្នាប្រាក់ក្នុងចំនួននេះ ក្នុងស្ថានភាពនេះ វាអាចជួយដោះស្រាយបញ្ហាកម្មករបានមួយចំណែក។ យ៉ាងណាក៏ដោយ បើរាជរដ្ឋាភិបាលបារម្ភអំពីការប្រកួតប្រជែង ឬមិនទាន់អាចដំឡើងប្រាក់ឈ្នួលកម្មករបានខ្ពស់ រដ្ឋអាចផ្ដល់អត្ថប្រយោជន៍ផ្សេងៗ និងត្រូវធ្វើយ៉ាងណារក្សាតម្លៃទំនិញលើទីផ្សារ ឱ្យស្ថិតនៅក្នុងស្ថានភាពទប់ទល់បាន។ ព្រោះបើប្រាក់ឈ្នួលមិនត្រូវបានដំឡើងច្រើន ហើយអតិផរណានៅតែកើនឡើង នោះកម្មករនៅតែពិបាកដដែល។ លោក អាត ធន់ បញ្ជាក់បន្ថែម។

តាមការបញ្ជាក់ពីក្រសួងការងារ ក្នុងឆ្នាំ២០២៧ ក្រៅពីប្រាក់ឈ្នួលអប្បបរមា២ដុល្លារ និងប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ២,៥ដុល្លារ កម្មករនិយោជិត នឹងទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់១០ដុល្លារ និងសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ៧ដុល្លារក្នុងមួយខែ, ប្រាក់រង្វាន់អតីតភាពការងារ២ដុល្លារអាម៉េរិកក្នុងមួយខែ នៅឆ្នាំទី២ និងកើនឡើង១ដុល្លារ រៀងរាល់ឆ្នាំរហូតដល់ឆ្នាំទី១១, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការបន្ថែមម៉ោង ដោយស្ម័គ្រចិត្ត២ពាន់រៀលក្នុងមួយថ្ងៃ ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ គឺនៅរក្សាដដែល។ ដូច្នេះ ប្រាក់ឈ្នួលគោលក្នុងមួយខែ ដែលបងប្អូនកម្មករនិយោជិតទទួលបានពិតប្រាកដ សម្រាប់ឆ្នាំ២០២៧ គឺស្ថិតក្នុងចន្លោះពី២៣១,៥ដុល្លារ ដល់២៤២,៥ដុល្លារក្នុងមួយខែ៕




