សេដ្ឋកិច្ចចក្រា៖ កម្ពុជាជំរុញការកាត់បន្ថយសំណល់តាំងពីដំណាក់កាលផលិត និងកែច្នៃឡើងវិញ
អ
អុន សម្ផស្ស
•
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍការវេចខ្ចប់ប្រកបដោយនិរន្តរភាព និងការទប់ស្កាត់ការបង្កើតសំណល់តាំងពីដំណាក់កាលដំបូង ដោយចាត់ទុកជាកត្តាសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចចក្រា និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានក្នុងប្រទេស។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុង«វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៦» ក្រោមប្រធានបទ «សេដ្ឋកិច្ចចក្រា ក្នុងសកម្មភាពជាក់ស្តែង៖ ពីគោលនយោបាយទៅវិបុលភាព» ដែលរៀបចំឡើងដោយទីភ្នាក់ងារ GIZ Cambodia នៅរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦...។

ថ្លែងក្នុងវេទិកាដ៏មានសារសំខាន់ដែលមានការចូលរួមពីលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោកស្រី ស៊ីលយ័រ រើហ្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក ហ្វ្រែង ចាត់យ៍(Frank Jattke) ប្រធានក្រុមការងារប្រចាំតំបន់អាស៊ាន និងកម្ពុជានៃទីភ្នាក់ងារ GIZ Cambodia និងភាគីពាក់ព័ន្ធ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកឡើងថា ការវេចខ្ចប់មានតួនាទីសំខាន់ក្នុងការការពារផលិតផលអាហារ ឱសថ និងទំនិញផ្សេងៗ ព្រមទាំងជួយរក្សាអាយុកាលផលិតផល និងសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្ម។ ទោះជាយ៉ាងណា ការប្រើប្រាស់វត្ថុធាតុដើមសម្រាប់វេចខ្ចប់លើសពីតម្រូវការ ឬការប្រើប្រាស់សម្ភារដែលមិនងាយប្រមូលយកមកប្រើប្រាស់ ឬកែច្នៃឡើងវិញ អាចនាំឱ្យមានការកើនឡើងទាំងថ្លៃដើមផលិតកម្ម និងបរិមាណសំណល់។ 

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បញ្ជាក់បន្ថែមថា ការវេចខ្ចប់ដែលមានប្រសិទ្ធភាព គួរតែអាចការពារផលិតផលបានល្អ ទន្ទឹមនឹងការប្រើប្រាស់វត្ថុធាតុដើមប្រកបដោយប្រសិទ្ធភាព និងអាចយកមកប្រើប្រាស់ឡើងវិញ ឬកែច្នៃឡើងវិញបាន។ ក្នុងទិសដៅនេះ ក្រសួងកំពុងរៀបចំ «ផែនទីបង្ហាញផ្លូវជាតិស្តីពីការវេចខ្ចប់» ដើម្បីជួយដល់អាជីវកម្មក្នុងការជ្រើសរើសវត្ថុធាតុដើម ការរចនាការវេចខ្ចប់ និងការរៀបចំវិធីប្រមូលសម្ភារវេចខ្ចប់មកប្រើប្រាស់បន្តឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏មានតួនាទីក្នុងការកាត់បន្ថយសំណល់ផងដែរ។ ការប្រើប្រាស់ថង់ដែលអាចប្រើបានច្រើនដង សម្រាប់ដាក់បន្លែ និងផ្លែឈើនៅពេលទៅផ្សារ ត្រូវបានលើកជាឧទាហរណ៍មួយនៃការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកប្រើតែម្ដង។ ក្រៅពីការវេចខ្ចប់ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីចំណុចអនុវត្តជាក់ស្តែងចំនួន៣ ដែលគួរយកចិត្តទុកដាក់ក្នុងការជំរុញសេដ្ឋកិច្ចចក្រា។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ 
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ 

ក្នុងនោះរួមមាន៖ ការទប់ស្កាត់ការបង្កើតសំណល់តាំងពីដំណាក់កាលដំបូង ការធានាភស្តុតាងសម្រាប់ការអះអាងអំពីផលិតផលចក្រា និងការធានាថា សេដ្ឋកិច្ចចក្រាអាចផ្តល់ផលប្រយោជន៍ដល់អាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម។ លោកបានពន្យល់ថា ការរចនាផលិតផល ការជ្រើសរើសធាតុចូលផលិតកម្ម និងការវេចខ្ចប់ សុទ្ធតែជាកត្តាកំណត់បរិមាណសំណល់នៅពេលក្រោយ។ ដូច្នេះ គោលគំនិតសេដ្ឋកិច្ចចក្រាគួរត្រូវបានបញ្ចូលតាំងពីដំណាក់កាលរចនា រហូតដល់ការទិញវត្ថុធាតុដើម ការផលិត និងការចែកចាយ។ ចំពោះផលិតផលដែលអះអាងថា ជាផលិតផល «បៃតង» ឬ «ផលិតពីសម្ភារកែច្នៃឡើងវិញ» លោកបានសង្កត់ធ្ងន់លើសារសំខាន់នៃព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដូចជា ស្ដង់ដារ មាត្រាសាស្ត្រ មន្ទីរពិសោធន៍ និងការវាយតម្លៃទទួលស្គាល់ មានតួនាទីសំខាន់ក្នុងការផ្ដល់ភស្តុតាង និងជួយបង្កើតឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជា។

លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រាប់សហគ្រាសធុនតូច និងមធ្យម លោករដ្ឋមន្ត្រីបានលើកឡើងថា ពួកគេត្រូវការបច្ចេកវិទ្យាដែលអាចអនុវត្តបាន ជំនាញហិរញ្ញប្បទាន និងឱកាសទីផ្សារ ដើម្បីអាចផ្លាស់ប្ដូរពីគម្រោងសាកល្បងទៅជាសកម្មភាពអាជីវកម្ម ដែលអាចបង្កើតចំណូលបានជាក់ស្តែង។ ជាមួយគ្នា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា៖«សេដ្ឋកិច្ចចក្រាមិនមែនគ្រាន់តែជាការកែច្នៃ សំណល់ទៅជាវត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្លាស់ប្ដូររបៀបដែលយើងផលិតប្រើប្រាស់ និងគ្រប់គ្រង ធនធានប្រកបដោយភាពឆ្លាតវៃ ច្នៃប្រឌិត សីលធម៌ និងធានាថា មិនមានការគំរាមកំហែងដល់បរិស្ថានរបស់ យើងនោះទេ»។ សម្រាប់កម្ពុជា សេដ្ឋកិច្ចចក្រា ជួយកាត់បន្ថយការបង្កើតសំណល់ កាត់បន្ថយការប្រើប្រាស់ធនធាន និងការបំពុល បង្កើនការប្រើប្រាស់ធនធានឡើងវិញ និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ។

លោកស្រី ស៊ីលយ័រ រើហ្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា
លោកស្រី ស៊ីលយ័រ រើហ្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា

ក្នុងន័យនេះ លោករដ្ឋមន្ត្រីថ្លែងបន្ថែមថា ក្រសួងបរិស្ថាន ក៏កំពុងកសាងប្រព័ន្ធទិន្នន័យសម្រាប់គ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ និងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងធ្វើទំនើបកម្មការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទិន្នន័យជីវចម្រុះ និងទិន្នន័យព័ត៌មានភូមិសាស្ត្រ ដើម្បីពង្រឹងការគាំពារ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។ លោកស្រី ស៊ីលយ័រ រើហ្វ័រ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជា ក្នុងការផ្លាស់ប្ដូរពីសេដ្ឋកិច្ចបែបលីនេអ៊ែរ ទៅកាន់ សេដ្ឋកិច្ចចក្រា (Circular Economy) តាមរយៈការចែករំលែកបទពិសោធ បច្ចេកទេស និងការអនុវត្តគម្រោងជាក់ស្តែងនៅកម្ពុជា។ លោកស្រីថ្លែងគូសបញ្ជាក់ថា៖«ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់តាមរយ: GIZ កំពុងធ្វើការជាមួយក្រសួងបរិស្ថាន ដើម្បីគាំទ្រការអនុវត្ត«គំនិតផ្តួចផ្តើមបៃតងសម្រាប់សេដ្ឋកិច្ចចក្រាក្នុងការគ្រប់គ្រងសំណល់ រឹងប្រកបដោយចីរភាពនៅកម្ពុជា» (GGI4CE)។ គោលបំណងសំខាន់ គឺជួយកម្ពុជាផ្លាស់ប្ដូរពីគោលគំនិត និងផែនការទៅកាន់ការអនុវត្តជាក់ស្តែង»។

ជាមួយគ្នានេះដែរ លោកស្រីបានសង្កត់ធ្ងន់ថា គម្រោងសាកល្បងតែមួយមិនអាចផ្លាស់ប្ដូរប្រព័ន្ធសេដ្ឋកិច្ចទាំងមូលបានឡើយ។ ដើម្បីឱ្យកម្ពុជាអាចផ្លាស់ប្ដូរពីគម្រោងសាកល្បងដែលទទួលបានជោគជ័យ ទៅជាប្រព័ន្ធសេដ្ឋកិច្ចចក្រាដែលអាចពង្រីកបាន គឺត្រូវការកិច្ចសហប្រតិបត្តិការកាន់តែមានភាពស៊ីសង្វាក់រវាង រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍។ ការគាំទ្រនេះ ត្រូវបានចាត់ទុកជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជួយកម្ពុជាកាត់បន្ថយសំណល់ ការពារធនធានធម្មជាតិ បង្កើតឱកាសអាជីវកម្មបៃតង និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត