
ក្រុងស្ទឹងសែន៖ កម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងបង្ក្រាបយ៉ាងក្ដៅគគុកលើសកម្មភាពរុករករ៉ែមាសខុសច្បាប់ នៅតំបន់ជើងភ្នំជី ស្ថិតក្នុងដែនជម្រកសត្វព្រៃ[ព្រៃឡង់] ក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការបំផ្លិចបំផ្លាញបរិស្ថានឱ្យមានប្រសិទ្ធភាព...។

យោងតាមរបាយការណ៍បូកសរុបពីកម្លាំងមន្ត្រីឧទ្យានុរក្ស នៅព្រឹកថ្ងៃពុធទី៣០ ខែកញ្ញានេះ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានចុះបង្ក្រាប និងដកហូតវត្ថុតាងបានជាច្រើនរួមមាន៖ ម៉ាស៊ីនបូមចំនួន២៥គ្រឿង, ក្បាលបូម ១២គ្រឿង, ទុយោបូមមួយចំនួន ព្រមទាំងបានរុះរើ ទ-បង្ហូររ៉ែ និងសម្ភារបម្រើឱ្យសកម្មភាពខុសច្បាប់ជាច្រើនទៀត។ ជាមួយគ្នា ក្រុមការងារក៏កំពុងបន្តពិនិត្យ និងតាមដានករណីទន្ទ្រានព័ទ្ធយកដីព្រៃធ្វើចម្ការ និងចិញ្ចឹមសត្វគោដោយគ្មានច្បាប់អនុញ្ញាតចំនួន១កន្លែងបន្ថែមទៀតផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន អំពីបទល្មើសនៅក្នុងតំបន់នោះ។

ជុំវិញចំណាត់ការនេះ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ដោយកំណត់ឱសានវាទរយៈពេល១ខែ គិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ឱ្យប្រជាពលរដ្ឋដែលកំពុងលួចចូលទៅបូមរ៉ែមាសខុសច្បាប់ ត្រូវតែរុះរើសម្ភារ និងបញ្ឈប់សកម្មភាពទាំងអស់ ជាបន្ទាន់។ មន្ត្រីជំនាញ និងអាជ្ញាធរដែនដី នឹងចុះផ្សព្វផ្សាយណែនាំដល់ពលរដ្ឋទាំងនោះ ក៏ដូចជានឹងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត បន្ទាប់ពីសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចូលជាធរមាន។

គួរបញ្ជាក់ថា សកម្មភាពបូម និងរុករករ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជីនេះ បានបង្កើតឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកសំខាន់ៗចំនួន៣ រួមមាន៖ ទី១.ផលប៉ះពាល់លើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី៖ ការប្រើប្រាស់សារធាតុគីមី (ដូចជាបារ៉ត ឬស៊ីយានួ) ក្នុងការញែករ៉ែមាស និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹកធម្មជាតិ ធ្វើឱ្យមានការបំពុលប្រភពទឹកក្រោមដី និងប្រភពទឹកលើដី ដែលជាដែនជម្រកសត្វព្រៃ និងជាប្រភពទឹកប្រើប្រាស់របស់ប្រជាសហគមន៍មូលដ្ឋាន។ ទី២.ការបំផ្លាញព្រៃឈើ និងដីស្រទាប់លើ៖ សកម្មភាពជីកកកាយ ដកហូតរុក្ខជាតិ និងការរៀបចំទបង្ហូររ៉ែ ធ្វើឱ្យបាត់បង់គម្របព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ បណ្ដាលឱ្យដីបាក់ស្រុត និងបាត់បង់ជម្រកសត្វព្រៃដោយផ្ទាល់។

និងទី៣.ផលប៉ះពាល់លើសុខភាព និងសុវត្ថិភាពសហគមន៍៖ ការប៉ះពាល់ ឬប្រើប្រាស់ទឹកដែលមានសារធាតុពុល អាចបង្កជាជំងឺរ៉ាំរ៉ៃដល់ប្រជាសហគមន៍ក្នុងតំបន់ ព្រមទាំងបង្កើតជាហានិភ័យគ្រោះថ្នាក់ការងារ ដូចជាការបាក់ដី ឬបាក់អណ្តូងរ៉ែ លើអ្នកធ្វើសកម្មភាពជីកយករ៉ែ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ។ ទោះជាយ៉ាងណា ការអនុវត្តវិធានការច្បាប់ និងការបន្តតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីផុតកំណត់រយៈពេល១ខែ នឹងក្លាយជាកត្តាកំណត់ជោគជ័យនៃការលុបបំបាត់បទល្មើសរ៉ែមាសខុសច្បាប់ទាំងស្រុង ដើម្បីធានាបាននូវការអភិរក្សធនធានធម្មជាតិ និងសុវត្ថិភាពបរិស្ថាន សម្រាប់កូនចៅជំនាន់ក្រោយ៕


