ប្រាក់ខែកម្មករឡើងបាន «៤ដុល្លារ» ទៀត
Mao Sopha
•
19 កញ្ញា 2024 06:30 PM

រាជធានីភ្នំពេញ៖ ចុងបញ្ចប់នៃកិច្ចប្រជុំមិនតិចជាង១០ដង នៅទីបំផុត ភាគីទាំង៣ គឺតំណាងកម្មករ តំណាងថៅកែ និងតំណាងរាជរដ្ឋាភិបាល បានបោះឆ្នោតនៅទឹកចុងក្រោយ ដោយសន្លឹកឆ្នោតភាគច្រើនសម្រេចយកតួលេខ«២ដុល្លារ»ជាតួលេខដំឡើងប្រាក់ខែជូនកម្មករ-កម្មការិនី ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ដេរស្បែកជើង និងផលិតផលធ្វើដំណើរ។ ការបោះឆ្នោតសម្រេចជាផ្លូវការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកចុងក្រោយ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ក្រោយទទួលបានដំណឹងពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ អំពីការដំឡើងប្រាក់ឈ្នួល «២ដុល្លារ» ជូនកម្មកម្មករ-កម្មការិនី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏សម្រេចបន្ថែម «២ដុល្លារ» ពីលើទៀត ដែលនាំឱ្យប្រាក់ឈ្នួលនេះកើនឡើងបាន «៤ដុល្លារ»។ ដូច្នេះ ក្នុងឆ្នាំ២០២៥ខាងមុខ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ខែគោល «២០៨ដុល្លារ»។ ក្នុងឆ្នាំ២០២៤នេះ ប្រាក់ខែកម្មករ-កម្មការិនី គឺ «២០៤ដុល្លារ»។ សូមជម្រាបថា ក្នុងការចរចាជាមួយគ្នាជាច្រើនលើក មេសហជីពតំណាងកម្មករ សុំដំឡើងប្រាក់ឈ្នួលដល់ទៅ «១៥ដុល្លារ» ឯណោះ ខណៈតំណាងថៅកែឯណោះវិញ សុំដំឡើងត្រឹម «១ដុល្លារ»។ ទោះយ៉ាងណា លទ្ធផលនៃសន្លឹកឆ្នោតភាគច្រើន គឺសម្រេចយកតួលេខ «២ដុល្លារ» ហើយបូកបន្ថែម «២ដុល្លារ» ទៀត ដែលសម្រេចដោយសម្តេចនាយករដ្ឋមន្រ្តី។

ការបន្ថែមប្រាក់ឈ្នួលជូនកម្មករ-កម្មការិនី តាមក្រោយការសម្រេចរបស់ត្រីភាគី ឬភាគីទាំង៣នេះ ប្រមុខរាជរដ្ឋាភិបាលតែងធ្វើជារៀងរាល់ឆ្នាំ តាំងពីរាជរដ្ឋាភិបាលជំនាន់មុនមកម្ល៉េះ។ កាលពីឆ្នាំ២០២៣ ត្រីភាគីក៏សម្រេចដំឡើងប្រាក់ឈ្នួលជូនកម្មករ-កម្មការិនីតែ «២ដុល្លារ» ដែរ ហើយពេលនោះ សម្តេចនាយករដ្ឋមន្រ្តី បានថែម «២ដុល្លារ» ពីលើ ដែលធ្វើឱ្យប្រាក់ខែកម្មករ-កម្មការិនី ឡើងពី «២០០ដុល្លារ» ក្នុងឆ្នាំ២០២៣ ទៅ «២០៤ដុល្លារ» ក្នុងឆ្នាំ២០២៤នេះ។ ជារួម ឆ្នាំ២០២៥ ប្រាក់ខែកម្មករ-កម្មការិនី ឡើងបាន «៤ដុល្លារ» ដូចឆ្នាំ២០២៤នេះដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត