
អ.ស.ប៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញានេះថា រដ្ឋាភិបាលអ៊ុយក្រែន បានផ្ទេរទាហានឈ្លើយសឹកកូរ៉េខាងជើងចំនួន២នាក់ ដែលទាហានអ៊ុយក្រែនចាប់បាន បញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង...។

លោក ហ្សេឡេនស្គី បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកថា៖«កាលពីពេលថ្មីៗ យើងបានបញ្ជូនឈ្លើយសឹកកូរ៉េខាងជើង២នាក់ ទៅកាន់សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)»។ លោកបន្ថែមថា៖«ជនទាំងនេះ មិនងាយស្រួលក្នុងការចាប់ខ្លួនទាំងរស់នោះទេ។ ម្នាក់ក្នុងចំណោមពួកគេ នៅពេលដឹងខ្លួនថា ត្រូវគេចាប់ បានព្យាយាមសម្លាប់ខ្លួន[..]»។ កងទ័ពអ៊ុយក្រែន បានចាប់ខ្លួនទាហានកូរ៉េខាងជើងទាំង២នាក់នេះ នៅក្នុងតំបន់ឃឺស (Kursk) កាលពីខែមករា ឆ្នាំមុន។ ពួកគេ គឺជាទាហានកូរ៉េខាងជើងដំបូងគេ ដែលត្រូវបានចាប់ខ្លួនទាំងរស់ ចាប់តាំងពីប្រទេសកូរ៉េខាងជើង ចូលរួមក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាលពីឆ្នាំ២០២៤។ កាលណោះ លោក ហ្សេឡេនស្គី ធ្លាប់បានប្រកាសថា លោកនឹងប្រគល់ទាហានទាំងនោះទៅឱ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន វិញ ប្រសិនបើលោកអាចប្តូរពួកគេជាមួយប្រជាជនអ៊ុយក្រែន ដែលត្រូវរុស្ស៊ីចាប់ខ្លួន។

ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សនានា បានចេញបម្រាម និងអំពាវនាវឱ្យអ៊ុយក្រែនបញ្ជូនពួកគេទៅកាន់កូរ៉េខាងត្បូងវិញ ដោយសារហានិភ័យនៃការដាក់ទោសទណ្ឌធ្ងន់ធ្ងរ ប្រសិនបើពួកគេត្រូវបានប្រគល់ឱ្យប្រទេសកូរ៉េខាងជើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងត្បូង បានរាយការណ៍ថា ទាហានទាំង២នាក់នោះ បានសម្ដែងបំណងចង់ចុះចូល និងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីខែមិថុនា កូរ៉េខាងត្បូង បានប្រកាសថា នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលបានប្រយុទ្ធឱ្យរុស្ស៊ី ហើយប្រឆាំងដាច់ខាត ចំពោះការបញ្ជូនពួកគេត្រឡប់ទៅប្រទេសរុស្ស៊ី ឬកូរ៉េខាងជើងវិញ។ ជាមួយគ្នា លោក ហ្សេឡេនស្គី ក៏បានរិះគន់យ៉ាងខ្លាំងលើមេដឹកនាំកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ពទៅប្រយុទ្ធឱ្យរុស្ស៊ីថា៖«នេះជាអំពើឆ្កួតលីលា។ ហេតុអ្វីបានជាជនជាតិកូរ៉េ ត្រូវបាត់បង់ជីវិតក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន? លោក គីម ជុងអ៊ុន ប្រើប្រាស់ពួកគេដូចជាសាច់ប្រាក់ ហើយថាតើគេទទួលបានអ្វីមួយត្រឡប់មកវិញ..?»។

តាមការប៉ាន់ប្រមាណរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ១៤០០០ ទៅ១៥០០០នាក់ ចាប់តាំងពីឆ្នាំ២០២៤ ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ី ហើយភាគច្រើនត្រូវបានពង្រាយនៅក្នុងតំបន់ឃឺសរបស់រុស្ស៊ី ដើម្បីជួយកងកម្លាំងម៉ូស្គូ វាយលុកលើអ៊ុយក្រែន។ បន្ថែមពីលើកងទ័ព កូរ៉េខាងជើង បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់រាប់លានគ្រាប់ មីស៊ីលបាលីស្ទីក កាំភ្លើងធំចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ុក្កែតពហុដើមដល់រុស្ស៊ីផងដែរ៕



