
រដ្ឋធានីវៀងចន្ទ៖ ជំងឺផ្តាសាយជ្រូកអាហ្វ្រិក បាននិងកំពុងរាលដាលយ៉ាងឆាប់រហ័សពេញប្រទេសឡាវ ដោយអាជ្ញាធរបានបញ្ជាឱ្យមានការសម្លាប់សត្វជ្រូកអស់ចំនួន ១១៣៦៩ក្បាល ចាប់តាំងពីផ្ទុះឡើងនៅក្នុងខេត្តសាយ៉ាបូរី (Xayabouly) កាលពីខែមិថុនាកន្លងទៅ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋាភិបាលឡាវ។

វីរុសដ៏កាចសាហាវនេះ បានឆ្លងរាលដាលដល់ខេត្តភុងសាលី Phongsaly, ហ៊ួអាផាញ Houaphanh, សាយសំប៊ូន Xaysomboun, ហ្លួងព្រះបាង Luang Prabang និងរដ្ឋធានីវៀងច័ន្ទ ដែលបង្ខំឱ្យអាជ្ញាធរដាក់ចេញវិធានការរឹតបន្តឹងការដឹកជញ្ជូនជ្រូក និងផលិតផលសាច់ជ្រូកយ៉ាងម៉ឺងម៉ាត់។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងខេត្តសាយ៉ាបូរី ជំងឺនេះបានសម្លាប់សត្វជ្រូកអស់ជាង៥៤០០ក្បាល ខាតបង់ថវិកាប្រមាណ១៤,៩ពាន់លានគីប (ឬត្រូវនឹងជិត៦៦៥ ០០០ដុល្លារអាម៉េរិក)។ ចំណែកឯនៅ Luang Prabang សត្វជ្រូកជិត១០០០ក្បាល ត្រូវបានសម្លាប់ បង្កការខាតបង់ប្រមាណ៥០៧០០ដុល្លារអាម៉េរិក។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែម អាជ្ញាធរបានបង្កើតចំណុចត្រួតពិនិត្យចំនួន១៩កន្លែង បញ្ជាឱ្យបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនទាំងអស់ និងហាមឃាត់ការទិញលក់ ឬរត់ពន្ធសាច់ជ្រូកងាប់ដោយខុសច្បាប់។ បុគ្គលណាដែលល្មើសនឹងបទបញ្ជានេះ នឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ ឬទោសទណ្ឌតាមផ្លូវច្បាប់។ ថ្វីដ្បិតតែវីរុសផ្តាសាយជ្រូកអាហ្វ្រិក មិនឆ្លងមកមនុស្សក៏ដោយ ប៉ុន្តែវាមានអត្រាសម្លាប់សត្វជ្រូកជិត ១០០ភាគរយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សាច់ជ្រូក និងសេដ្ឋកិច្ចកសិករឡាវ៕



