ក្រសួងសុខាភិបាល ប្រាប់ពីវិធីការពារសុខភាព ក្នុងកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ
S
Sreyleak Yith
•
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល ក្រើនរំឭលដល់ពលរដ្ឋ ត្រូវការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ ការពុលចំណីអាហារ ពុលស្រា រួមទាំងសុវត្ថិភាពពេលធ្វើដំណើរផងដែរ។

ក្រសួងសុខាភិបាល គូសបញ្ជាក់ថា រក្សាសុវត្ថិភាពពេលធ្វើដំណើរ ដោយជ្រើសរើសមធ្យោបាយណាដែលមានសុវត្ថិភាព, ហាមធ្វើដំណើរលើរថយន្តដែលមានផ្ទុកមនុស្សច្រើន, បើសិនបើកបរដោយខ្លួនឯង ត្រូវប្រកាន់ខ្ជាប់ច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ ដោយសារការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ ក្រសួង បន្តថា កុំពិសាគ្រឿងស្រវឹងមុន ឬនៅពេលបើកបរ និងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅបាត់បង់អាយុជីវិត។ លើសពីនេះ ត្រូវលាងសម្អាតដៃមុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ  ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្ទ ព្រមទាំងកុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ។

នៅពេលលោកអ្នកទិញម្ហូបអាហារ ដែលឆ្អិនស្រាប់នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះ មានអនាម័យ និងមានសុវត្ថិភាព។ ទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាព ធម្មតាលើសច្រើនម៉ោង ត្រូវរក្សាអាហារនៅសីតុណ្ហភាពត្រជាក់តិចជាង៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី៦០អង្សាសេ។ល។ មួយវិញទៀត ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។ ហើយហាមដាច់ខាត លក់ដូរ និងពិសាស្រា-ស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុល ដែលអាចបង្កគ្រោះថ្នាក់ ខ្លាំងរហូតដល់បាត់បង់ជីវិត។ លើសពីនេះ ត្រូវបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និង ជំងឺឆ្លងផ្សេងៗ ដូចជាចៀសវាងក្អក កណ្តាស់ សាយភាយដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស ប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់ពាសវាលពាសកាល។

កុំប៉ះពាល់ ឬទទួលទានមាន់-ទាឈឺ ឬងាប់ ហើយពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូប រួចហើយស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាតដោយបោសសំអាតផ្ទះ និងត្រូវឱ្យមានពន្លឺចេញ-ចូល ទុកដាក់របស់របរ សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះ ឱ្យមានសណ្តាប់ធ្នាប់ និងលុបបំបាត់ព្រៃទ្រប់ជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ មិនឱ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន។ ហើយកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជន ដែលគ្មានសមត្ថភាពព្យាបាលជំងឺគ្រុនឈាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត