
ក្រុងព្រះវិហារ៖ ករណីអំពើហិង្សាដ៏សាហាវមួយកើតឡើង បណ្ដាលឱ្យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែនរងរបួសធ្ងន់ បន្ទាប់ពីត្រូវបុរសម្នាក់លួចកាប់ប្រហារពីក្រោយ ស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩កញ្ញា ឆ្នាំ២០២៦...។

ប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋនៅក្បែរនោះ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ស៊ី ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ត្រូវជនដៃដល់មានឈ្មោះ លាង វាសនា ប្រើកាំបិតខ្វែវលួចកាប់ប្រហារពីក្រោយ អំលុងពេលលោកមេបញ្ជាការសម្រាកលើអង្រឹងនៅកញ្ចុះខាងក្រោយផ្ទះ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ យ៉ាងណា ភ្លាមៗ..លោកមេបញ្ជាការ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគូលែន បានចុះអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យបានសម្រេច នៅនឹងកន្លែង ដើម្បីនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។

ទោះជាយ៉ាងណា សម្រាប់របាយការណ៍សារភាពរបស់ជនដៃដល់ នៅមិនមានការទម្លាយចេញក្រៅឡើយ ដោយមិនដឹងថា នៅពីក្រោយនៃអំពើកាប់ប្រហារប៉ងសម្លាប់មន្ត្រីរាជការសាធារណៈរបស់ឈ្មោះ លាង វាសនា នេះ មានគំនុំអ្វីឱ្យប្រាកដឡើយ៕



