អ្នកជំនាញបច្ចេកវិទ្យា ព្រមានពីហានិភ័យនៃការយក«អត្តសញ្ញាណបណ្ណ»បង្ហោះលើហ្វេសប៊ុក
ហាក់ អ៊ីឌី
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ អ្នកជំនាញផ្នែកសុវត្ថិភាពបច្ចេកវិទ្យា និងសន្តិសុខសាយប័រ បានចេញសេចក្តីជូនដំណឹង និងដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងឈប់យក«អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ» ឬឯកសារសម្គាល់ខ្លួនផ្លូវការផ្សេងៗ ទៅថតបង្ហោះ ឬដាក់តាំងជារូបថតនៅលើគណនីនៃបណ្តាញសង្គមផ្សេងៗ តាមការជ្រួលជ្រើម ឬ Trend មួយគ្រាៗឡើយ...។

តាមរយៈផេកផ្លូវការរបស់លោក ជិន នាង លៀងម៉េង (Noobie GMK) ជាអ្នកបង្កើតមាតិកាចែករំលែកចំណេះដឹងពីសុវត្ថិភាពបច្ចេកវិទ្យា (Cybersecurity & Tech) នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហោះសំណេរមួយមានខ្លឹមសារថា ជាដំបូងសូមបកស្រាយដើមហេតុសិន ព្រោះមានការញុះញ៉ុងថា ឱ្យប្រជាពលរដ្ឋយក “អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ” ថតដាក់ជា Profile Facebook កុំឱ្យគេបិទគណនី។ វាពិតជាមិនមានព័ត៌មានបែបនេះនោះទេ! បើទោះបីជាមាន ក៏បងប្អូនមិនត្រូវយកអត្តសញ្ញាណបណ្ណបងប្អូនទៅបង្ហោះដោយចំហ ព្រោះតែចង់ដូរទៅនឹងគណនីបណ្តាញសង្គមនោះដែរ រឿងនេះមិនអាចនឹងកើតឡើងទេ ហ្វេសប៊ុក ច្បាស់ណាស់នឹងបះជើងត្រឹមតែមួយយប់ទេ បើធ្វើបែបនឹង។

លោក ជិននាង លៀងម៉េង (Noobie GMK)    
លោក ជិននាង លៀងម៉េង (Noobie GMK)    

លោក ជិន នាង លៀងម៉េង បន្តថា គេអាចយកអត្តសញ្ញាណបងប្អូនទៅធ្វើសកម្មភាពមួយចំនួន ដែលមិនចាំបាច់ស្នើសុំបងប្អូនឡើយ ក្នុងនោះ មានការក្លែងអត្តសញ្ញាណជាអ្នកចុះឈ្មោះទិញលេខទូរសព្ទ ឈ្មោះអ្នកប្រើសកម្មភាពឆបោក ឬសកម្មភាពផ្សេងទៀតដែលខុសនឹងច្បាប់ ហើយប្រើអត្តសញ្ញាណទៅបំពេញគណនីធនាគារ ឬគ្រីបតូដើម្បីលាងសម្អាតប្រាក់ បងប្អូននឹងក្លាយជាឧក្រិដ្ឋជនដោយមិនដឹងខ្លួន។ បងប្អូន ក៏អាចនឹងត្រូវបានជនឆបោកប្រើប្រាស់ព័ត៌មាននេះ មកឆបោកបងប្អូនផងដែរ។ គេអាចនឹងយកព័ត៌មានទាំងនេះទៅប្រើប្រាស់បច្ចេកវិទ្យា AI ឬDeepFake ដើម្បីឆបោក និង ធ្វើសកម្មភាពបទល្មើសផ្សេងៗ បង្កការរំខាន និងប៉ះពាល់ដល់អាយុជីវិតបងប្អូនផងដែរ។

នេះមិនមែនជាការបន្លាចទេ តែវាជាករណីធ្លាប់កើតឡើងនៅទូទាំងពិភពលោក ដែលបច្ចុប្បន្ន មានអត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន (Passport) ជាច្រើនប្រទេស ដែលត្រូវបានដាក់លក់លើ Dark Web និងតាមទីផ្សារងងឹតផ្សេងទៀត ដើម្បីឧក្រិដ្ឋជនបានទិញយកទៅបម្រើការឆបោករបស់ខ្លួន ជាពិសេស លាងសម្អាតប្រាក់ និង សកម្មភាពខុសច្បាប់ជាច្រើនទៀត។ ជាមួយគ្នា លោក រ៉េន រតនៈ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហោះសំណេរនៅថ្ងៃពុធនេះផងដែរ ដោយមានខ្លឹមសារថា៖«កុំយកអត្តសញ្ញាណបណ្ណមកលេងលើបណ្ដាញសង្គម។ ហេតុអ្វី..? ព្រោះសម័យនេះ AI ធ្វើអ្វីក៏បាន! តិចលោ៎ថា មានគេយកអត្តសញ្ញាណបណ្ណខ្លួន ទៅឆបោក ឬធ្វើអ្វីផ្ដេសផ្ដាស តាំងរវល់បកស្រាយឥឡូវហើយ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត