តើលោក ត្រាំ និងលោក ស៊ី កំពុងលេងល្បែងយុទ្ធសាស្ត្រអ្វីនៅសេតវិមាន..?
ហៀប ស៊ីថេត
•
25 កញ្ញា 2026 10:48 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) យ៉ាងអធិកអធមនៅសេតវិមាន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ គ្រប់គ្នាប្រាកដជាចង់ដឹងហើយថា តើក្នុងជំនួបកំពូលរវាងមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំង២ ផ្តោតសំខាន់លើបញ្ហាអ្វីខ្លះ..? ឬមួយមេដឹកនាំកំពូលទាំង២ កំពុងលេងល្បែងចិត្តសាស្ត្រដាក់គ្នានៅសេតវិមាន..?

ផ្អែកតាមលទ្ធផលនៃជំនួបកំពូលនេះ មានចំណុចសំខាន់ៗចំនួន៥ ដែលមេដឹកនាំទាំង២ បានដាក់លើតុជជែកគ្នា។ ទី១.កិច្ចព្រមព្រៀងពាណិជ្ជកម្ម ត្រូវបានពន្យារពេលក្នុងរយៈពេលខ្លី៖ សហរដ្ឋអាម៉េរិក និងចិន បានយល់ព្រមពន្យារពេលសង្គ្រាមពាណិជ្ជកម្មបន្ថែមចំនួន២ខែទៀត មុនពេលកិច្ចព្រមព្រៀងចាស់ត្រូវផុតកំណត់នៅខែវិច្ឆិកា។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កុត បេសសិន (Scott Bessent) បានថ្លែងថា ការពន្យារពេលនេះ ផ្តល់ពេលវេលាបន្ថែមសម្រាប់ភាគីទាំង២ ក្នុងការស្វែងរកដំណោះស្រាយសេដ្ឋកិច្ច។ ទោះជាយ៉ាងណា បញ្ហាក្ដៅៗដូចជា៖ ពន្ធគយ ការទិញទំនិញកសិកម្ម ការផ្គត់ផ្គង់រ៉ែកម្រ និងការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា នៅតែត្រូវរង់ចាំការចរចានៅជុំក្រោយៗទៀត ដែលធ្វើឱ្យពិភពជំនួញ នៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់។

ទី២៖.ការទទួលបដិសណ្ឋារកិច្ច៖ លោក ត្រាំ បានរៀបចំពិធីស្វាគមន៍យ៉ាងរំជើបរំជួល ដើម្បីបង្ហាញពីការផ្លាស់ប្ដូរមុខមាត់ថ្មីនៃអំណាចរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងនោះ មានក្បួនទ័ពកិត្តិយស និងការប្រគំតន្ត្រីនៅក្នុងសួនផ្ការកុលាប (Rose Garden), ការហោះហើរនៃយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកហោះជ្រែកអាកាសយ៉ាងគគ្រឹកគគ្រេង ព្រមទាំងបាននាំលោក ស៊ី ទៅទស្សនាឧទ្ធម្ភាចក្រ Marine One និងតំបន់ South Lawn ដែលទើបត្រូវបានកែប្រែមុខមាត់ថ្មី។ នៅពេលជួបអ្នកសារព័ត៌មាន លោក ត្រាំ បានជៀសវាងការឆ្លើយសំណួរអំពីគោលនយោបាយ ដោយគ្រាន់តែនិយាយលេងសើចថា លោក ស៊ី «ចូលចិត្តថ្មក្រានីតល្អៗ ហើយនេះជាជំនួបដ៏ល្អប្រពៃ»។ តើនេះ..លោក ត្រាំ ចង់ផ្ញើសារឌឺដងទៅកាន់មេដឹកនាំចិន លោក ស៊ី ជីនពីង ឬយ៉ាងណា...?

ទី៣.ចិនប្រកាសឱ្យសហរដ្ឋអាម៉េរិកប្រុងប្រយ័ត្ន លើបញ្ហាកោះតៃវ៉ាន់៖ នៅក្នុងជំនួបនេះ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ទៅកាន់លោក ត្រាំ ដោយស្នើឱ្យសហរដ្ឋអាម៉េរិក មានការប្រុងប្រយ័ត្នលើបញ្ហាកូនកោះតៃវ៉ាន់ និងបានសម្ដែងក្ដីសង្ឃឹមថា សហរដ្ឋអាម៉េរិក នឹងប្រឆាំងការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់។ យ៉ាងណា សេតវិមានមិនទាន់បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការភ្លាមៗ ជុំវិញរឿងរ៉ាវនេះនៅឡើយទេ។ នេះមានន័យថា ជំហររបស់សហរដ្ឋអាម៉េរិកចំពោះកោះតៃវ៉ាន់ នៅតែមិនផ្លាស់ប្ដូរ ថ្វីបើរដ្ឋធានីវ៉ាស៊ីន ប្រកាសមិនគាំទ្រ​ឯករាជ្យភាពតៃវ៉ាន់ក៏ដោយ ក៏កោះតៃវ៉ាន់នៅតែជាអាត់កឺរបស់ខ្លួន ដើម្បីទប់ឥទ្ធិពលចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។

ទី៤.ការជៀសវាងជម្លោះរវាងមហាអំណាច៖ លោក ស៊ី ជីនពីង បានលើកឡើងពីទ្រឹស្តី ធូស៊ីឌីឌីស (Thucydides Trap) ដែលនិយាយថា ការប្រកួតប្រជែងរវាងមហាអំណាចចាស់ និងមហាអំណាចថ្មី ច្រើនតែបញ្ចប់ដោយសង្គ្រាម។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា គ្រោះថ្នាក់នេះ អាចជៀសវាងបាន ប្រសិនបើប្រទេសទាំង២រួមដៃគ្នា ហើយលោក ស៊ី បានស្នើឱ្យមានការពិភាក្សាជាទៀងទាត់ រវាងកងទ័ពនៃប្រទេសទាំង២។ ចំណែកលោក ត្រាំ វិញ បានរំឭកកាលពីបារាំង និងអាម៉េរិក ធ្លាប់ធ្វើជាសម្ព័ន្ធមិត្តជាមួយចិន ប្រយុទ្ធប្រឆាំងនឹងជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ ដើម្បីបង្ហាញថា ប្រទេសទាំង២ ពិតជាអាចសហការគ្នាបាន នៅថ្ងៃអនាគត។

ទី៥.ទស្សនៈខុសគ្នា ស្តីពីការគ្រប់គ្រងបច្ចេកវិទ្យា AI៖ មេដឹកនាំទាំង២ បានបង្ហាញទស្សនៈផ្ទុយគ្នាលើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ លោក លោក ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គមថា លោកចង់រក្សាវាទុកដូចបច្ចុប្បន្ន ដោយពឹងផ្អែកលើក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក ជាជាងការបង្កើតច្បាប់រឹតបន្តឹងថ្មីៗ។ យ៉ាងណា លោក ស៊ី ជីនពីង វិញបានថ្លែងថា ប្រទេសទាំង២ មានសមត្ថភាព និងការទទួលខុសត្រូវក្នុងការអភិវឌ្ឍ និងគ្រប់គ្រង AI ដើម្បីឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស និងបម្រើដល់ផលប្រយោជន៍ប្រជាជន។ គួរបញ្ជាក់ថា ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗពិភពលោក ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋនៅសេតវិមានផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត