
រាជធានីភ្នំពេញ៖ សមិទ្ធផលសង្គមសេដ្ឋកិច្ចជាតិធំៗ ចម្បងចំនួន៣ ដែលទទួលបានពីវិស័យសំខាន់ៗចំនួន៦ រួមមាន៖ មូលបត្រ, ធានារ៉ាប់រង និងសោធនឯកជន, សន្តិសុខសង្គម, គណនេយ្យ និងសវនកម្ម, បរធនបាលកិច្ច, អចលនវត្ថុ និងបញ្ចាំ និងប្រាតិភោគដោយ អនុប្បទាន បាននិងកំពុងមានសន្ទុះរីកចម្រើនយ៉ាងរហ័ស តាមរយៈការអនុវត្តផែនការគោលរបស់ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងរយៈពេល៥ឆ្នាំ នៅក្នុងប្រតិបត្តិការការងាររបស់ខ្លួន។ នេះ[..]ជាប្រសាសន៍បញ្ជាក់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្លែងក្នុង«វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦» ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ទីផ្សារមូលបត្រកម្ពុជា មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយការប្រមូលមូលធនតាមយន្តការទីផ្សារមូលបត្រ ដែលត្រូវបានរំពឹងថា នឹងឈានដល់ប្រមាណ១ពាន់លានដុល្លារអាម៉េរិក នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃ បានកើនឡើងដល់ជិត២លានដុល្លារ និងមានថ្ងៃខ្លះ ឈានដល់ជិត៤លានដុល្លារអាម៉េរិក។ តាមរយៈចក្ខុវិស័យ ក្រោមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់លោកអគ្គបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករមូលបត្រកម្ពុជា កំពុងបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ដោយបានដាក់ចេញផលិតផល និងសេវាទីផ្សារថ្មីៗ ដើម្បីពង្រីក និងការធ្វើពិពិធកម្មទីផ្សារ។

លោក ស៊ូ សុជាតិ ឱ្យដឹងបន្តថា ផលិតផល និងសេវា ដែលបាននិងកំពុងរៀបចំ រួមមាន៖ មូលនិធិជួញដូរបាន, មូលនិធិវិនិយោគអចលនវត្ថុដែលអាចជួញដូរបាន និងទីផ្សារផលិតផលទំនិញនាពេលអនាគត។ ទន្ទឹមគ្នា និយ័តករមូលបត្រកម្ពុជា ក៏បាននិងកំពុងចាប់យកឱកាសពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលក្នុងពេលបច្ចុប្បន្ន ដើម្បីអភិវឌ្ឍសេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងទ្រព្យឌីជីថល និងហិរញ្ញប្បទានវិនិយោគពីបុគ្គលទៅបុគ្គលផងដែរ។ ជាក់ស្តែង ទំហំជួញដូរប្រចាំថ្ងៃ ដែលពីមុនធ្លាប់ត្រូវបានរំពឹងថា អាចនឹងឈានដល់១លានដុល្លារក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ប៉ុន្តែបច្ចុប្បន្ន តួលេខខាងលើ បានឈានដល់កម្រិតនៃការព្យាកររួចស្រេចទៅហើយ ដោយទំហំជួញដូរប្រចាំថ្ងៃ កើនជិត២លានដុល្លារ និងថ្ងៃខ្លះឈានដល់ជិត៤លានដុល្លារ ដូចដែលបានជម្រាបជូនគណៈអធិបតីពីខាងដើម។

ចំណែក លោកបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. មានប្រសាសន៍លើកឡើងបង្ហាញពីសមិទ្ធផលសំខាន់ៗជាច្រើន ដែល អ.ស.ហ. សម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានា ដែល អ.ស.ហ. ត្រូវយកធ្វើជាបទពិសោធ ដើម្បីបានជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់សម្រាប់ការអនុវត្តការងារនៅអាណត្តិទី២របស់ខ្លួនបន្តទៀត។ លោកបណ្ឌិត គូសបញ្ជាក់ថា «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦» ពុំមែនគ្រាន់តែជាការបង្ហាញរបាយការណ៍សមិទ្ធកម្មសម្រាប់អាណត្តិទី១ ប៉ុណ្ណោះទេ ប៉ុន្តែជាការត្រួតពិនិត្យ ចងក្រងសមិទ្ធផលដែលសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំ និងជាការឆ្លុះបញ្ចាំងអំពីដំណើរអភិវឌ្ឍរបស់ អ.ស.ហ. និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជារួម, ទាំងវឌ្ឍនភាព, បញ្ហាប្រឈម, ភាពខ្វះចន្លោះ និងបទពិសោធដែលទទួលបានពីការអនុវត្តជាក់ស្តែង។

លោកបណ្ឌិតអគ្គលេខាធិការ មានប្រសាសន៍បន្តថា លទ្ធផលនៃការវាយតម្លៃនេះ បង្ហាញថា អាណត្តិទី១ បានបង្កើតមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍស្ថាប័ន និងវិស័យ។ ទន្ទឹមគ្នា ការរីកចម្រើន ការធ្វើពិពិធកម្ម និងភាពប្រទាក់ក្រឡាកាន់តែខ្លាំងនៃវិស័យ ក៏ទាមទារឱ្យ អ.ស.ហ. បន្តលើកកម្ពស់គុណភាពនៃអភិបាលកិច្ច សមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពនៃយន្តការគ្រប់គ្រង ឱ្យសមស្របទៅនឹងទំហំ កម្រិតហានិភ័យ និងភាពស្មុគស្មាញកាន់តែខ្ពស់របស់វិស័យ។ ក្នុងនោះ គុណភាព និងអភិបាលកិច្ចទិន្នន័យ សមត្ថភាពក្នុងការតាមដាន និងវាយតម្លៃហានិភ័យ, កិច្ចការពារអ្នកប្រើប្រាស់, និងការឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាកិច្ចការដែលត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងបន្ថែមនៅក្នុងដំណាក់កាលបន្ទាប់។

ដោយឡែក លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា នៅមុនឆ្នាំ២០២១ ការគ្រប់គ្រង និងការធ្វើនិយ័តកម្មលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានអនុវត្តដោយអង្គភាពដាច់ដោយឡែកពីគ្នា រួមមាន៖ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គណៈកម្មការមូលបត្រកម្ពុជា និងក្រុមប្រឹក្សាជាតិគណនេយ្យ។ ឆ្លើយតបទៅនឹងការវិវត្តដ៏ឆាប់រហ័ស និងភាពកាន់តែស្មុគស្មាញនៃវិស័យ ព្រមទាំងក្នុងគោលបំណងពង្រឹងយន្តការស្ថាប័ន ធានាសង្គតិភាពនៃការដាក់ចេញបទប្បញ្ញត្តិ បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍ពីសហថាមភាព អ.ស.ហ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ដើម្បីបើកទំព័រថ្មីមួយសម្រាប់ការគ្រប់គ្រង ការត្រួតពិនិត្យ ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា ដោយនាំយកអនុវិស័យ ដែលមានលក្ខណៈចម្រុះទាំង៦ ឱ្យស្ថិតក្រោមយន្តការគ្រប់គ្រងរួមមួយ ស្ថិតក្រោមការដឹកនាំរបស់ក្រុមប្រឹក្សា អ.ស.ហ. ដែលគិតមកដល់បច្ចុប្បន្ន បានដំណើការអស់រយៈពេល៥ឆ្នាំមកហើយ។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាកម្លាំងចលករដ៏ចម្បងនៃសេដ្ឋកិច្ចជាតិ និងជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងបរិយាបន្ន។ ក្នុងនោះ ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ, ការជំរុញការធ្វើបរិវត្តកម្មឌីជីថល, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការបង្កើនភាពប្រកួតប្រជែង និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន គឺជាសមាសធាតុដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីសម្រេចបាននូវបេសកកម្មដ៏ពិសិដ្ឋនេះ។ ក្នុងន័យនេះ ការបន្តពង្រឹង និងពង្រីកវិស័យហិរញ្ញវត្ថុ ជាពិសេស វិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺជាគ្រឹះមួយដ៏សំខាន់ និងរឹងមាំ ដើម្បីធានាថា កំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រដោយប្រព័ន្ធហិរញ្ញវត្ថុ ដែលមានស្ថិរភាព, សុវត្ថិភាព, ភាពធន់ និងអាចឆ្លើយតបបាន ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ទៅនឹងវិបត្តិ និងការវិវត្តកាន់តែរហ័ស និងពិបាកប៉ាន់ស្មាន នៃសភាពការណ៍ក្នុងតំបន់ និងលើសកលលោក។

រយៈពេល៥ឆ្នាំនៃអាណត្តិទី១ របស់ អ.ស.ហ., វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានរីកលូតលាស់យ៉ាងរហ័ស និងកំពុងក្លាយជាសមាសធាតុមួយ មានតួនាទីកាន់តែ សំខាន់ ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ការរីកចម្រើននេះ មិនត្រឹមតែត្រូវបានឆ្លុះបញ្ចាំង តាមរយៈកំណើនជាបរិមាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគុណប្រយោជន៍ និង គុណតម្លៃដល់សង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងទិដ្ឋភាពដ៏សំខាន់៣រួមមាន៖ ទី១.ការរីកចម្រើននៃទំហំវិស័យ៖ ទ្រព្យសកម្មសរុបរបស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានកើនពីប្រមាណជាង៣ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង៩ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ដែលសមមូលប្រមាណជាង១៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស.)។ ទី២.ការបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស៖ វិស័យនេះ បានកើនប្រមាណពី៨ពាន់នាក់ ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណ១៦ពាន់នាក់ ក្នុងឆ្នាំ២០២៥ ពោលគឺកើនទ្វេដង។

និងទី៣.ការពង្រីកលទ្ធភាពទទួលបានសេវា និងការរួមចំណែកកាន់តែទូលាយ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ៖ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរួមចំណែកពង្រីកការគាំពារសង្គម និងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធសន្តិសុខសង្គម និងផលិតផលធានារ៉ាប់រង ដោយបានបង្កើតឱកាសវិនិយោគ និងគាំទ្រការកៀរគរមូលធន តាមរយៈទីផ្សារមូលបត្រ។ ជាមួយគ្នា បានបង្កើតក្របខណ្ឌគតិយុត្តដ៏រឹងមាំ សម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការរៀបចំរចនាសម្ព័ន្ធវិនិយោគ តាមរយៈសេវាបរធនបាលកិច្ច ការពង្រឹងគុណភាព និងភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម និងគណនេយ្យភាព តាមរយៈការអភិវឌ្ឍវិស័យគណនេយ្យ និង សវនកម្ម និងបានគាំទ្រដល់តម្រូវការហិរញ្ញប្បទានបន្ទាន់ និងការអភិវឌ្ឍលំនៅឋានសមរម្យ តាមរយៈវិស័យអចលនវត្ថុ និងបញ្ចាំ។

សូមជម្រាបផងដែរថា «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦» ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ភ្នំពេញ មានការចូលរួមពីមន្ត្រីសមាជិក-សមាជិកានៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ, សមាជិក-សមាជិកានៃក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកអគ្គរដ្ឋទូត, តំណាងអង្គទូត តំណាងដៃគូអភិវឌ្ឍន៍ និងសិស្សនិស្សិតសរុបប្រមាណជិត៥០០នាក់ បានចូលរួម។ ក្នុងនោះផងដែរ វេទិកាក៏មានកម្មវិធីសំណួរចម្លើយរបស់វាគ្មិនកិត្តិយស ដើម្បីចែករំលែកបទពិសោធ ក៏ដូចជាការស្វែងរកធាតុចូលនៃបណ្តុំទស្សនៈរបស់អ្នកពាក់ព័ន្ធលើវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងវិស័យមូលបត្រ នៅប្រទេសកម្ពុជា និងអន្តរជាតិ ដើម្បីជំរុញផែនការការងារអាណត្តិទី២ របស់ អ.ស.ហ. ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ប្រកបដោយបរិយាបន្ន៕



