
មជ្ឈិមបូព៌ា៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបន្តផ្ទុះឡើងនៅក្នុងតំបន់ហ្កាហ្សា ២ថ្ងៃជាប់ៗគ្នា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤នាក់ ទោះបីជាលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ប្រកាសពីការសម្រេចបានផលវិជ្ជមានថ្មី ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាកាលពីឆ្នាំមុន និងកិច្ចព្រមព្រៀងរំសាយអាវុធក៏ដោយ។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានអះអាងថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុងហ្កាហ្សាស៊ីធី (Gaza City) និងតំបន់ដៀរអាល់បាឡាស់ (Deir al-Balah)។ ក្រុមគ្រូពេទ្យ បានលើកឡើងថា ប្ដីប្រពន្ធមួយគូត្រូវបានសម្លាប់ និងមនុស្ស៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសលើអគារស្នាក់នៅមួយកន្លែងក្នុងតំបន់ដៀរអាល់បាឡាស់ ភាគកណ្តាលនៃតំបន់ហ្កាហ្សា ខណៈមនុស្ស២នាក់បន្ថែមទៀត រួមទាំងកុមារម្នាក់ផងដែរ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារស្នាក់នៅមួយកន្លែង ក្នុងទីក្រុងហ្កាហ្សាស៊ីធី។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ក្រុមហាម៉ាស បានយល់ព្រមលុបបំបាត់អាវុធ ក្រោមគំនិតផ្តួចផ្តើមដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានកាលពីឆ្នាំមុននៅប្រទេសអេហ្ស៊ីប។ លុះដល់ថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ បានចេញផ្សាយផែនការបង្ហាញផ្លូវ១៥ចំណុច ដែលកំណត់ពីជំហានចុងក្រោយសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះ។ យ៉ាងណា ផែនការបង្ហាញផ្លូវនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។

ជុំវិញរឿងរ៉ាវនេះ ក្រុមហាម៉ាសបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនអាវុធយុទ្ធភណ្ឌទៅរក្សាទុក លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធា និងដកកងទ័ពរបស់ខ្លួនចេញ ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីឆ្នាំមុន។ មន្ត្រីអ៊ីស្រាអែលម្នាក់ បានប្រាប់រ៉យទ័រ ថា រដ្ឋធានីហ្ស៊េរុយសាឡិម នឹងមិនមានការដកកងទ័ពចេញពីទីតាំងបច្ចុប្បន្នរបស់យោធាឡើយ លុះត្រាតែកម្លាំងហាម៉ាសរំសាយអាវុធពិតប្រាកដ៕



