ទើបផុតភ័យពីសង្គ្រាមបានមកផ្ទះវិញ តែពេលនេះ ពលរដ្ឋនៅក្រុងសិរីសោភ័ណ ត្រូវជម្លៀសខ្លួនម្តងទៀតដោយសារគ្រោះទឹកជំនន់
S
Sreyleak Yith
•
17 ម៉ោងមុន

ក្រុងសិរីសោភ័ណ៖ ទើបបានវិលត្រឡប់មកផ្ទះសម្បែងវិញ ក្រោយស្ថានការណ៍សង្គ្រាមបានស្ងប់ស្ងាត់ តែពេលនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងជួបប្រទះនូវផលលំបាកជាទម្ងន់ជាថ្មីម្តងទៀត ដោយពួកគាត់ត្រូវបង្ខំចិត្តរៀបចំអីវ៉ាន់ ចាកចេញពីផ្ទះជាលើកទីពីរ ដើម្បីស្វែងរកទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុក។

ប្រជាពលរដ្ឋ រួមទាំងចាស់ជរា កុមារតូចៗ និងស្ត្រីមានកូនខ្ចី ត្រូវមកបោះទីតាំងស្នាក់នៅបណ្តោះអាសន្នតាមទីទួលសុវត្ថិភាព ដូចជាតាមចិញ្ចើមផ្លូវ ឬជម្រកបណ្តោះអាសន្នផ្សេងៗ។ ជាមួយគ្នានោះ ពួកគាត់ យកមកតាមខ្លួនបានតែសម្ភារប្រើប្រាស់ចាំបាច់ក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ ដូចជា អង្ករ កង្ហារ ឆ្នាំងបាយ កញ្ជើខោអាវ និងអង្រឹង សម្រាប់ប្រើប្រាស់ក្នុងស្ថានភាពដ៏លំបាកនេះ។ ពលរដ្ឋម្នាក់ បាននិយាយទាំងក្តុកក្តួលថា៖ «យើងទើបតែបានត្រឡប់មកផ្ទះវិញ មិនទាន់ទាំងបានរៀបចំផ្ទះសម្បែងស្រួលបួលផង ឥឡូវទឹកជំនន់មកលិចបាត់ទៀត គ្មានជម្រើសអ្វីក្រៅពីជម្លៀសកូនចៅ និងសម្ភារមកទីទួលសុវត្ថិភាពនោះទេ»។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញថា គិតត្រឹមថ្ងៃទី២៨កញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានបង្កឱ្យប្រជាពលរដ្ឋជាង៣៥០០គ្រួសារ ដែលរស់នៅក្នុងស្រុក-ក្រុងចំនួន៦ នៅខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ និងជាង១០០០គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព៕ រាយការណ៍ដោយ៖ លោក ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត