
រាជធានីបាងកក៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានវាយប្រហារយ៉ាងខ្លាំង លើប្រទេសថៃ បណ្ដាលឱ្យទឹកជន់លិចរាជធានីបាងកក និងខេត្តជាច្រើន ប៉ុន្ដែដោយសារអត់មានដីគោក សម្រាប់ការដាក់ទំនិញលក់ដូរ ក្រុមអាជីវករបាននាំគ្នាបង្កើតផ្សារបណ្ដែតទឹកមួយនៅចំកណ្ដាលបេះដូងរាជធានីមួយនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ...។

សារព័ត៌មាន Thaiger បានរាយការណ៍ថា ផ្សារអណ្តែតទឹកមួយ ត្រូវបានបង្កើតឡើងជាបណ្តោះអាសន្ន នៅក្បែរផ្លូវបំបែកបាងកាពិ (บางกะปิ) នៅតាមផ្លូវឡាតផ្រាវ (ลาดพร้าว) រាជធានីបាងកក ជាតំបន់ត្រូវបានទឹកជំនន់ជន់លិចរហូតត្រឹមចង្កេះ។ ប៉ុន្ដែគិតត្រឹមព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ទឹកជំនន់នៅបន្តជះឥទ្ធិពលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ថ្វីបើប្រឈមមុខនឹងបញ្ហាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបែបនេះក្ដី ក៏ក្រុមអាជីវករនៅផ្សារបាងកាពិ រៀបចំតូបលក់ដូរ នៅខាងក្រៅផ្សារ ដោយបានដាក់លក់ម្ហូបអាហារស្រស់ អាហារក្រៀម ផ្លែឈើ និងគ្រឿងទេសផ្សេងៗ សម្រាប់អតិថិជនដែលកំពុងជួបប្រទះនឹងការលំបាក ក្នុងការស្វែងរកទិញទំនិញចាំបាច់ប្រចាំថ្ងៃ។ ក្រុមអាជីវករបានដាក់ទំនិញរបស់ពួកគេនៅលើទូក ឬប្រអប់ស្នោ ហើយអណ្តែតវានៅលើទឹកជំនន់ ដើម្បីលក់ដូរជូនអតិថិជន។

ក្រុមអ្នកទិញទំនិញវិញ ក៏បានប្រើប្រាស់ប្រអប់ស្នោ សម្រាប់ដាក់ទំនិញដែលពួកគេបានទិញ ខណៈដើរឆ្លងកាត់ទឹក បង្កើតបានជាទិដ្ឋភាពមួយ ស្រដៀងគ្នានឹងផ្សារបណ្ដែតទឹកតាមបែបប្រពៃណីបុរាណ។ អ្នកទិញទំនិញម្នាក់ ប្រាប់សារព័ត៌មាន Channel 8 ថា គាត់រស់នៅក្បែរវិហារអ៊ិស្លាមហួរម៉ាក (หัวหมาก) មានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីផ្សារ ប៉ុន្តែគាត់ត្រូវចំណាយពេលជាងមួយម៉ោង ដើម្បីដើរទៅទីនោះ។ គាត់បានទិញគ្រឿងទេស សម្រាប់ចម្អិនអាហារនៅឯផ្ទះ រួមទាំងទំនិញមួយចំនួនទៀត សម្រាប់យកទៅលក់បន្ត នៅក្នុងសហគមន៍របស់គាត់។ ផ្សារនេះ មានភាពអ៊ូអរជាងធម្មតា។ បើតាមធម្មតា ក្រុមអាជីវករតែងតែរៀបចំទុកដាក់ទំនិញរួចរាល់ នៅត្រឹមម៉ោង៨ព្រឹក ប៉ុន្តែដោយសារបញ្ហាទឹកជំនន់ ទើបពួកគេបន្តលក់ដូរពេញមួយថ្ងៃ។

អ្នកស្រុកម្នាក់ បានបញ្ជាក់ថា កម្រិតទឹក បានស្រកចុះបន្ដិច បើធៀបនឹងថ្ងៃដំបូង នៃការជន់លិច ដែលពេលនោះ ទឹកជំនន់បានឡើងខ្ពស់ រហូតដល់ដើមទ្រូង។ គាត់បានធ្វើដំណើរចម្ងាយប្រហែល៤គីឡូម៉ែត្រពីផ្ទះរបស់គាត់ ដើម្បីទៅទិញគ្រឿងទេស សម្រាប់ធ្វើម្ហូបអាហារ។ តម្លៃទំនិញបានឡើងថ្លៃស្ទើរកើនទ្វេដង បើធៀបនឹងតម្លៃធម្មតា ប៉ុន្តែគាត់យល់ពីការឡើងថ្លៃបែបនេះ ដោយសារការដឹកជញ្ជូន មានការលំបាក ហើយគ្រឿងផ្សំធ្វើម្ហូបអាហារមួយចំនួន ត្រូវការទឹកកក ដើម្បីរក្សាគុណភាព ខណៈទឹកកកនោះទៀតសោត ក៏ពិបាករកផងដែរ នៅក្នុងអំឡុងគ្រោះទឹកជំនន់នេះ។

អាជីវករមួយរូបទៀតបញ្ជាក់ថា គាត់ចាត់ទុកការលក់ទំនិញនៅលើផ្ទៃទឹកជំនន់បែបនេះ ជាបទពិសោធដ៏ប្លែកមួយដែរ។ គាត់និយាយថា គាត់អាចនឹងត្រូវចំណាយពេលជាងមួយសប្តាហ៍បន្ដទៀត ទើបស្ថានភាពទឹកជំនន់ វិលត្រឡប់មកសភាពដើម ជាធម្មតាវិញ។ បើតាមព័ត៌មានថ្មីៗ អំពីស្ថានភាពទឹកជំនន់ នៅតំបន់ផ្សេងៗទៀត នៅរាជធានីបាងកក ទឹកកំពុងស្រកចុះជាបណ្តើរៗ ទោះបីជាតំបន់មួយចំនួន នៅតែរងផលប៉ះពាល់ពីទឹកជំនន់កម្រិតធ្ងន់ធ្ងរយ៉ាងណាក៏ដោយ៕



