
រាជធានីភ្នំពេញ៖ ខឹងនឹងការជេរ បុរសជាអ្នករើសអេតចាយ បានវាយបុរសជាយោធា និងជាម្ចាស់ផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងសន្លប់បាត់ស្មារតី។ ក្រោយមក បុរសជាអ្នករើសអេតចាយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន…។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចេញនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បង្ហាញថា ករណីហិង្សានេះ បានកើតឡើងកាលពីយប់ម៉ោង១១ ថ្ងៃទី២៨ ខែកញ្ញា ស្ថិតនៅមុខផ្ទះមួយកន្លែង តាមផ្លូវបេតុង ភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាអ្នករើសអេតចាយ បានដើររើសអេតចាយមកដល់មុខផ្ទះជនរងគ្រោះ ហើយបានហែកថង់សំរាមរាយប៉ាយពេញមុខផ្ទះ ដើម្បីស្វែងរករបស់ដែលអាចយកទៅលក់បាន។ ឃើញដូច្នេះ បុរសជាម្ចាស់ផ្ទះ ក៏បានចេញមកជេរ។ ដោយសារការជេរច្រំដែលៗ និងផ្ទុះកំហឹងភ្លាមៗនោះ បុរសជាអ្នករើសអេតចាយ បានយកដុំថ្មគប់ និងប្រើឈើជ្រុងវាយប្រហារទៅលើបុរសម្ចាស់ផ្ទះ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរតែម្ដង។

បើតាមរបាយការណ៍ពីសមត្ថកិច្ច បុរសជាអ្នករើសអេតចាយ ឈ្មោះ តាំង សាមី ហៅ មី អាយុ៣៦ឆ្នាំ ស្នាក់នៅតាមសំយាបផ្ទះគេ ក្នុងរាជធានីភ្នំពេញ ហើយសមត្ថកិច្ច អះអាងថា ពិនិត្យឃើញមានសារធាតុញៀន។ ចំណែក បុរសជាម្ចាស់ផ្ទះ ឈ្មោះ ម៉ៅ វង្សវិជាតិ អាយុ៤៦ឆ្នាំ មុខរបរជាយោធា កំពុងសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្ន បុរសជាអ្នករើសអេតចាយ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



