
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំផែនការផ្ទេរអ្នកទោស និងជនជាប់ឃុំជិត២ពាន់នាក់ ចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ដែលជាទីតាំងចាស់ ទៅកាន់ទីតាំងពន្ធនាគារថ្មី ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងខណ្ឌកំបូល....។

ផ្អែកតាមរបាយកាណ៍័ពីអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្រ្តីពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំដឹកបញ្ជូនជនជាប់ឃុំចំនួន១៨៣៧នាក់ ពីទីតាំងចាស់នៃពន្ធនាគាររាជធានីភ្នំពេញ ទៅឃុំនៅទីតាំងថ្មី។

ប្រតិបត្តិការនេះ មានកិច្ចសហការពីកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ហើយដំណើរការទាំងមូល បានប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ សូមជម្រាបផងដែរថា ទីតាំងចាស់នៃពន្ធនាគាររាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាមណ្ឌលអប់រំកែប្រែទី៥ ដើម្បីផ្តល់ឱកាសដល់ជនជាប់ឃុំទទួលបានកម្មវិធីអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរ សម្រាប់ត្រៀមធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ បន្ទាប់ពីអនុវត្តទោសចប់៕








