វៀតណាម-ភូមា ចាប់ដៃគ្នាព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីហាណូយ៖ មេដឹកនាំប្រទេសវៀតណាម និងភូមា ឬមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ឱ្យកាន់តែស៊ីជម្រៅ ដោយលើកកម្ពស់វិស័យនេះឱ្យក្លាយជា «សសរស្តម្ភសំខាន់» នៃទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលមេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (To Lam) ទទួលស្វាគមន៍លោកប្រធានាធិបតីមីយ៉ាន់ម៉ា មីន អ៊ុងឡាំង (Min Aung Hlaing) នៅរដ្ឋធានីហាណូយ...។  

លោក មីន អ៊ុងឡាំង (ឆ្វេង) និងលោក តូ ឡឹម
លោក មីន អ៊ុងឡាំង (ឆ្វេង) និងលោក តូ ឡឹម

នៅក្នុងជំនួបពិភាក្សាផ្លូវការនេះ មេដឹកនាំទាំងពីរ បានព្រមព្រៀងពង្រីកការហ្វឹកហ្វឺនយោធា ការផ្លាស់ប្ដូរទស្សនកិច្ចនាយទាហានវ័យក្មេង ប្រតិបត្តិការរុករក និងសង្គ្រោះ ព្រមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានបង្កើនការផ្លាស់ប្ដូរព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ​ថានឹងមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសរបស់ខ្លួន ធ្វើសកម្មភាពប្រឆាំងនឹងប្រទេសមួយទៀតឡើយ។

នេះគឺជាទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក មីន អ៊ុងឡាំង ទៅកាន់ប្រទេសវៀតណាម ក្នុងនាមជាប្រធានាធិបតីភូមា។ ក្រៅពីកិច្ចការសន្តិសុខ ប្រទេសទាំងពីរ ក៏បានសម្លឹងមើលការបោះជំហានពង្រីកពាណិជ្ជកម្មលើវិស័យកសិកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ការកែច្នៃអាហារ ទូរគមនាគមន៍ បរិវត្តកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ លោក មីន អ៊ុងឡាំង ក៏បានចុះពិនិត្យរោងចក្រផលិតរថយន្តអគ្គិសនី VinFast និងក្រុមហ៊ុនទូរគមនាគមន៍ Viettel នៅភាគខាងជើងវៀតណាម ដែលស្តែងឱ្យឃើញពីបំណងរបស់មេដឹកនាំភូមា ក្នុងការទាញយកបច្ចេកវិទ្យា និងការវិនិយោគពីវៀតណាមផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត