បុរសជនជាតិថៃម្នាក់លង់ស្នេហ៍នឹងអ្នកមេម៉ាយ ឃើញអ្នកផ្សេងចូលប្រជែង បាញ់ផ្ដាច់ជីវិត៣នាក់
S
Sinuon Nop
•
13 ម៉ោងមុន

រាជធានីបាងកក៖ បុរសជនជាតិថៃម្នាក់ បានលង់ស្នេហ៍នឹង​ស្ដ្រីមេម៉ាយម្នាក់យ៉ាងខ្លាំង លុះពេលឃើញ​បុរសម្នាក់ ចូលមកចែចូវតាមស្រលាញ់នាងដែរ ក៏ផ្ទុះភ្លើងប្រចណ្ឌយ៉ាងខ្លាំង ដកកាំភ្លើងបាញ់ផ្ដាច់ជីវិតរបស់គូប្រជែងស្នេហា នៅមុនលើកដៃបន្ដបាញ់ប្រហារទៅលើនាង និងកូនរបស់នាង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុងឈាមចំនួន៣នាក់។

បើតាមសារព័ត៌មានថៃ បានរាយការណ៍ ថា អំពើឃាតកម្ម ដែលបានផ្ដើមចេញពីភ្លើងប្រចណ្ឌនេះ ​បានកើតឡើង នៅក្នុងផ្ទះរបស់ជនរងគ្រោះជាស្រ្ដីមេម៉ាយ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា នៅស្រុកសាមឈុក (​Sam Chuk) ខេត្តស៊ូផាន់ ប៊ូរី (​Suphan Buri)។​ ប៉ូលិស បានស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណរបស់ជនរងគ្រោះទាំង៣នាក់នេះ ​ រួមមាន៖ ស្រ្ដីម្ចាស់ផ្ទះ ឈ្មោះ ធីរ៉ាយ៉ាដា (Tirayada) អាយុ៤៤ឆ្នាំ, កូនប្រុសអាយុ៦ឆ្នាំរបស់នាង និងបុរសម្នាក់ទៀត ឈ្មោះ អាធីពង់ (Atipong) អាយុ៤១ឆ្នាំ ជាអតីតជំនួយការ មេដឹកនាំសហគមន៍ ដែលមានទំនាក់ទំនងស្នេហាជាមួយនឹងនាង។

បើ​តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃ បានឲ្យដឹងថា  អាធីពង់ តែងតែ​ចេញចូល និងព្យាយាមតាមស្រឡាញ់​នាង ធីរ៉ាយ៉ាដា (Tirayada) ដែលជាស្ត្រីមេម៉ាយ។ លុះមកដល់ថ្ងៃកើតហេតុ ​បុរសម្នាក់នេះ ក៏បាន​មកលេងផ្ទះរបស់នាង ដូចសព្វមួយដង ស្រាប់តែ​មានហេតុការណ៍បាញ់ប្រហារបែបនេះ បានកើតឡើងតែម្ដង។

មន្ត្រីប៉ូលិស​ស្រុក Sam Chuk ដែលបានស៊ើបអង្កេតលើករណីឃាតកម្មនេះ បានឲ្យដឹងថា ក្រោយពេលកើតមានករណីបាញ់ប្រហាររួចមក សមត្ថកិច្ច​បានចុះស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណរបស់ជនសង័្សយ​ឈ្មោះ ឆាត ឆៃ (Chatchai) អាយុ៤៤ឆ្នាំ។ ប៉ុន្ដែបន្ទាប់ពីប៉ូលិសបានបើកប្រតិបត្តិការស្វែងរករួចមក នៅទីបំផុត ជនសង័្សយ​ បានយល់ព្រមចូលខ្លួនសារភាព នៅចំពោះមុខប៉ូលិស កាលពី​ថ្ងៃចន្ទ ទី២៨ ខែកញ្ញា។

ស្ថានីយទូរទស្សន៍ Amarin TV បានរាយការណ៍ថា លោក ឆាតឆៃ (Chatchai) ក៏មានចិត្តស្រឡាញ់អ្នកមេម៉ាយ ធីរ៉ាយ៉ាដា (​Tirayada) យ៉ាងខ្លាំងផងដែរ ហើយគេក៏មិនចង់ឲ្យនាង ធ្លាក់ទៅលើដៃរបស់លោក អាធីពង់ ដែលជា​គូប្រជែងស្នេហា។ ប៉ុន្ដែភ្លើងប្រចណ្ឌនេះ បានធ្វើឲ្យលោក ឆាតឆៃ ទប់​កំហឹងមិនបាន ខណៈគេបានឃើញនាង Tirayada កំពុងតែនៅយ៉ាងស្និទ្ធស្នាល​​ជាមួយលោក Atipong។ ជនដៃដល់ បានបាញ់លោក Atipong ​ជាមុន ទើបបន្ដបាញ់ប្រហារ​ទៅលើនាង  Tirayada ធ្វើឲ្យនាង​ព្យាយាមរត់ទៅលាក់ខ្លួនដល់​ក្នុងបន្ទប់ទឹក ប៉ុន្តែនាងមិនអាចគេច​ផុតពី​ការតាមសម្លាប់ពីលោក ឆាតឆៃ។

ទោះជាយ៉ាងណាក៏ដោយ ជនសង័្សយ ឈ្មោះ ឆាតឆៃ​ បានបដិសេធថា គេមិនបានបាញ់ស្លាប់ក្មេងប្រុសអាយុ៦ឆ្នាំនេះ ដោយចេតនានោះទេ ប៉ុន្ដែ​គ្រាប់កាំភ្លើងបានផ្ទុះឡើង ដោយចៃដន្យ បណ្ដាលឲ្យ​ក្មេងនោះស្លាប់។ ប៉ុន្ដែប៉ូលិសមិនទាន់បានបញ្ជាក់ អំពីការអះអាងនេះនៅឡើយ​ ហើយការសាកសួរចម្លើយទៅលើជនសង្ស័យ នឹងនៅតែ​ធ្វើឡើងបន្ដទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត