អាម៉េរិក ប្ដេជ្ញាគាំទ្របេសកកម្មការពារធនធានធម្មជាតិ ប្រឆាំងការជួញដូរឈើ និងសត្វព្រៃខុសច្បាប់នៅកម្ពុជា
S
Soriya Sou
•
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរឈើ និងសត្វព្រៃខុសច្បាប់ ព្រមទាំងបន្តគាំទ្រដល់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ក្នុងបេសកកម្មការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក្នុងឱកាសរៀបចំវគ្គបណ្ដុះបណ្ដាលមួយជូនដល់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានកម្ពុជា…។

ស្ថានទូតអាម៉េរិក បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ថា ភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាម៉េរិក និងអង្គការសមាគមអភិរក្សសត្វព្រៃ បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានកម្ពុជា ដែលបំពេញភារកិច្ចនៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់មន្ត្រីឧទ្យានុរក្ស ក្នុងការស៊ើបអង្កេតការរត់ពន្ធឈើខុសច្បាប់។ សហរដ្ឋអាម៉េរិក ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរឈើ និងសត្វព្រៃខុសច្បាប់អន្តរជាតិ ហើយបន្តគាំទ្រដល់បេសកកម្មការពារធនធានធម្មជាតិនៅកម្ពុជា។

អ្នកជំនាញអាម៉េរិក ក៏បានណែនាំតំណាងក្រសួងបរិស្ថានឱ្យស្គាល់ពីឧបករណ៍ «Arbortron» ដែលត្រូវបានរចនាឡើងដើម្បីកំណត់អត្តសញ្ញាណ និងតាមដានប្រភេទឈើដែលត្រូវបានកាប់បំផ្លាញដោយខុសច្បាប់ផងដែរ។ ស្ថានទូតអាម៉េរិក លើកឡើងថា ការបំពាក់ឧបករណ៍អនុវត្តច្បាប់ទំនើបៗជូនដល់មន្ត្រីឧទ្យានុរក្ស ជួយឱ្យកិច្ចសហប្រតិបត្តិការនេះ អាចការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិដ៏សំខាន់ ការពារផលប្រយោជន៍សេដ្ឋកិច្ច ព្រមទាំងប្រយុទ្ធប្រឆាំងនឹងបទល្មើសបរិស្ថាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត