រុស្ស៊ីថ្កោលទោសក្ដៅគគុកលើសមយុទ្ធយោធាត្រីភាគី «ជប៉ុន-អាម៉េរិក-អូស្ត្រាលី»
ហៀប ស៊ីថេត
21 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ នៅថ្ងៃអង្គារទី១ ខែកញ្ញានេះ ប្រទេសរុស្ស៊ី បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការធ្វើសមយុទ្ធយោធារួមគ្នា រៀបចំឡើងដោយប្រទេសជប៉ុន អូស្ត្រាលី និងសហរដ្ឋអាម៉េរិក។ ទន្ទឹមនោះ រដ្ឋធានីម៉ូស្គូ បានផ្ញើសារប្រឆាំង និងតវ៉ាធ្ងន់ៗជាផ្លូវការទៅកាន់រាជធានីតូក្យូ ពាក់ព័ន្ធនឹងការដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីល Typhon របស់សហរដ្ឋអាម៉េរិក ដោយចោទប្រកាន់ថា សកម្មភាពនេះ គឺជា«ការប៉ះពាល់ និងគំរាមកំហែងដោយផ្ទាល់ ដល់សន្តិសុខជាតិរុស្ស៊ី»...

សមយុទ្ធយោធា «Orient Shield» ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែកញ្ញា នៅប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់កងទ័ពត្រីភាគីរហូតដល់៣៧០០នាក់ ធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ អ្វីដែលធ្វើឱ្យរុស្ស៊ីខឹងសម្បារ​កាន់តែខ្លាំងនោះ គឺថាសមយុទ្ធនេះ នឹងរួមបញ្ចូលប្រព័ន្ធមីស៊ីលធុនមធ្យម Typhon របស់សហរដ្ឋអាម៉េរិក ជាលើកដំបូង ដែលមានសមត្ថភាពបាញ់ប្រហារមីស៊ីលស្វ័យនាំផ្លូវ SM-6 និង Tomahawk ដ៏មានអានុភាព។ លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានទាមទារឱ្យជប៉ុនត្រឡប់ទៅប្រកាន់គោលនយោបាយសន្តិនិយមវិញ ខណៈលោកស្រីបានសម្ដែងការព្រួយបារម្ភខ្លាំង ចំពោះការធ្វើសមយុទ្ធនៅតំបន់ជិតព្រំដែនភាគខាងកើតរបស់រុស្ស៊ី។ លោកស្រីក៏បានបញ្ជាក់ថា រុស្ស៊ីបានដាក់លិខិតតវ៉ារួចហើយ ទៅកាន់ស្ថានទូតជប៉ុនប្រចាំនៅរដ្ឋធានីម៉ូស្គូ។

 លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា 
 លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា 

លោកស្រី ហ្សាការ៉ូវ៉ា សង្កត់ធ្ងន់ៗថា៖«យើងបានធ្វើការដាស់តឿនយ៉ាងច្បាស់ៗ ទៅកាន់ស្ថានទូតជប៉ុន អំពីការដាក់ពង្រាយអាវុធវាយប្រហាររបស់សហរដ្ឋអាម៉េរិក នៅលើទឹកដីជប៉ុន ក្រោមលេសធ្វើសមយុទ្ធយោធា គឺជាទង្វើឈ្លានពានដែលរុស្ស៊ីមិនអាចអត់ឱនឱ្យបានឡើយ ព្រោះវាជាការគំរាមកំហែងផ្ទាល់ដល់សន្តិសុខជាតិរុស្ស៊ី។ រដ្ឋធានីម៉ូស្គូ បានចេញការព្រមានរួចហើយ អំពីវិធានការឆ្លើយតបសងសឹក ដើម្បីធានាកម្រិតសន្តិសុខជាតិឱ្យបានរឹងមាំ»។ គេនៅចាំបានថា កងទ័ពសហរដ្ឋអាម៉េរិក បានបញ្ជូនប្រព័ន្ធមីស៊ីល Typhon របស់ខ្លួន ទៅកាន់ខេត្តកាហ្គូស៊ីម៉ា (Kagoshima) រួចមកហើយកាលពីខែមិថុនា ដើម្បីធ្វើសមយុទ្ធរួមគ្នា ជាមួយកងកម្លាំងស្វ័យការពារជប៉ុន។ យោងតាមការចុះផ្សាយរបស់ Japan Times មីស៊ីលទាំងនេះ ត្រូវចូលរួមក្នុងសមយុទ្ធខែកញ្ញានេះ មុនពេលត្រូវផ្លាស់ទៅកាន់មូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកវិញ នៅក្នុងប្រទេសជប៉ុន ចាប់ពីពាក់កណ្តាលខែតុលាទៅ៕

សមយុទ្ធយោធា «Orient Shield» កាលពីឆ្នាំ២០២៥
សមយុទ្ធយោធា «Orient Shield» កាលពីឆ្នាំ២០២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត