
រាជធានីភ្នំពេញ៖ សង្រ្គាមឈ្លានពានកម្ពុជា ដោយយោធាថៃនៅតំបន់ព្រំដែន បានបន្សល់ទុកនូវការចងចាំ និងភាពឈឺចាប់ពីសំណាក់ប្រជាជាតិខ្មែរទូទាំងសកលលោក ហើយបើគិតមកដល់ពេលបច្ចុប្បន្ន មានរយៈពេលជាង១ឆ្នាំហើយ។ បទឈប់បាញ់ ដោយមានការលូកដៃពីតួអង្គសំខាន់ គឺសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីបានប្រសូតឡើងនិងចូលជាធរមាននៅកណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តែសង្គ្រាមបានបន្តអូសបន្លាយរហូតដល់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ទើបស្ងប់រលត់ទៅវិញ។ យ៉ាងណាមកទល់ពេលនេះ សហរដ្ឋអាម៉េរិក នៅតែប្ដេជ្ញាចិត្តជួយពង្រឹងសន្តិភាពប្រទេសទាំងពីរ ឱ្យបានយូរអង្វែង…។

នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានរំឭកពីការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំមុន ដែលបានបណ្ដាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។ ស្ថានទូតសហរដ្ឋអាម៉េរិក ក៏បានរំឭកពីចំណែករបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រ បង្កើតវិធីការទូតមួយសម្រាប់បញ្ចប់ការប្រយុទ្ធ និងដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា គូសបញ្ជាក់បន្ថែមថា ទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងថៃ នូវវិធីសាស្ដ្រជាក់ស្តែង ដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ។ ស្ថានទូតអះអាងថា៖«សហរដ្ឋអាម៉េរិក នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែង»។ សូមជម្រាបថា បទឈប់បាញ់ទាំង២លើក (លើកទី១ ក្នុងខែកក្កដា និងលើកទី២ ក្នុងខែតុលា ឆ្នាំ២០២៥) រវាងកម្ពុជា-ថៃ ត្រូវបានបង្កើតឡើងនៅប្រទេសម៉ាឡេស៊ី ដោយមាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ឆ្នាំ២០២៥ ជួយសម្របសម្រួល និងមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ជាអ្នកផ្តើមគំនិត។

យ៉ាងណាក៏ដោយ គេមើលឃើញយ៉ាងច្បាស់ថា បើទោះបីជាមានបទឈប់បាញ់ដែលមានការសម្របសម្រួល និងផ្ដួចផ្ដើមពីម៉ាឡេស៊ី និងអាម៉េរិក ព្រមទាំងចូលរួមជាសាក្សីពីចិន ក៏ដោយ ក៏ថៃនៅតែបន្តមហិច្ឆតាឈ្លានពានចង់បានទឹកដីកម្ពុជាដដែល។ ជាក់ស្ដែង ក្រោយបទឈប់បាញ់ ថៃបានបន្តកាន់កាប់ និងរាយបន្លាលួស ដាក់ទូកុងតឺន័រ ឈូសឆាយ សង់ហេដ្ឋារចនាសម្ព័ន្ធ និងរូបព្រះពុទ្ធបដិមា លើទឹកដីកម្ពុជាជាច្រើនទីតាំងដោយខុសច្បាប់ ធ្វើឱ្យជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ទៀត ភាគច្រើនជាស្រ្តី និងកុមារ មិនទាន់អាចត្រឡប់ទៅលំនៅឋានបស់ពួកគេវិញបាន៕




