ក្រុមហ៊ុន Apple និង Google ប្ដូររឈ្មោះបឹងយក្សអនតារីយ៉ូ ទៅជា«បឹងអាម៉េរិក» តាមបំណង ត្រាំ
ហៀប ស៊ីថេត
•
02 កញ្ញា 2026 03:00 PM

រដ្ឋធានីវ៉ាស៊ីនតោន៖ ចលនាភូមិសាស្ត្រនយោបាយដ៏ចម្រូងចម្រាសមួយ បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Apple និង Google ផ្លាស់ប្ដូររឈ្មោះបឹងប្រវត្តិសាស្ត្រអនតារីយ៉ូ (Ontario) ទៅជា«បឹងអាម៉េរិក»វិញ នៅលើកម្មវិធីផែនទីរបស់ខ្លួន ដើម្បីតម្រូវតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ការប្ដូរឈ្មោះអាងស្តុកទឹកដែលមានអាយុកាលជាង៤០០ឆ្នាំនេះ បង្កឱ្យមានរលកនៃការប្រឆាំង និងការរិះគន់យ៉ាងខ្លាំង ដោយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) និងអភិបាលរដ្ឋញូវយ៉ក លោកស្រី ខាធី ហូជុល (Kathy Hochul) បានប្រកាសបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ឈ្មោះថ្មីនេះឡើយ ដោយបញ្ជាក់ថា ភាគីសហរដ្ឋអាម៉េរិកគ្មានសិទ្ធិ កែប្រែឈ្មោះបឹង ដែលមានផ្ទៃក្រឡាជាង៥២ភាគរយ ស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសកាណាដានោះទេ។ ក្រុមហ៊ុន Apple និង Google ត្រូវបង្ខំចិត្តអនុវត្តស្ដង់ដារ២ ក្នុងការបង្ហាញឈ្មោះ ដោយអ្នកប្រើប្រាស់ក្នុងសហរដ្ឋអាម៉េរិក នឹងឃើញឈ្មោះ «Lake America ឬ បឹងអាម៉េរិក» ខណៈអ្នកប្រើប្រា​ស់ក្នុងប្រទេសកាណាដា នៅតែឃើញឈ្មោះ «Lake Ontario ឬ បឹងអនតារីយ៉ូ» ដដែល ហើយអ្នកប្រើប្រាស់នៅប្រទេសផ្សេងទៀត លើពិភពលោកនឹងឃើញឈ្មោះទាំង២ទន្ទឹមគ្នា។

ផ្អែកតាមការស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ប្រជាជនអាម៉េរិកភាគច្រើនមិនគាំទ្រចំពោះចំណាត់ការជាឯកតោភាគីរបស់លោក ត្រាំ ទាំងការប្ដូររឈ្មោះបឹង និងការដំឡើងពន្ធលើទំនិញនាំចូលពីកាណាដានោះឡើយ។ ប្រភពដើមនៃបទបញ្ជានេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រឌឺដងផ្លែផ្ការ និងការដាក់សម្ពាធនយោបាយរបស់លោក ត្រាំ ទៅលើប្រទេសកាណាដា ចាប់តាំងពីដើមឆ្នាំ២០២៥ មក ខណៈមេដឹកនាំលំដាប់កំពូលរូបនេះ ក៏ធ្លាប់បានបញ្ជាឱ្យប្ដូររឈ្មោះ «ឈូងសមុទ្ទម៉ិកស៊ិក» ទៅជា «ឈូងសមុទ្ទអាម៉េរិក» រួចមកហើយដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត